ថ្មីៗនេះ ក្រុមហ៊ុន Amazon Inc បាននិយាយថា ខ្លួននឹងបន្ថែមការវិនិយោគដល់ ២៦ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ប្រភពដដែលនេះ បានធ្វើការបញ្ជាក់ទៀតផងដែរថា ចំនួននៃការវិនិយោគនេះ គឺបានកើនឡើង បន្ទាប់ពីក្រុមហ៊ុន Amazon បានចេញសេចក្តីថ្លែងការណ៍មួយ អំឡុងពេលនាយកប្រតិបត្តិ លោក Andy Jassy បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងដំណើរទស្សនកិច្ច នៅទឹកដីសហរដ្ឋអាមេរិក ។
យ៉ាងណាមិញ បើទោះបីជាលោក Jassy មិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងការវិនិយោគថ្មីនេះក៏ដោយ ប៉ុន្តែការប្រកាសចុងក្រោយនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Amazon Web Services (AWS) របស់ Amazon បាននិយាយកាលពីខែមុនថា ខ្លួននឹងធ្វើការវិនិយោគក្នុងចំនួនទឹកប្រាក់ ១,០៦ទ្រីលានរូពី (១២,៩ពាន់លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌា រហូតដល់ចុងឆ្នាំ ២០៣០ ។
ជម្រាបជូនផងដែរថា Amazon គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយផ្សេងទៀត ដែលបានធ្វើការប្រកាសអំពីការវិនិយោគរបស់ខ្លួន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Modi ដោយចូលរួមជាមួយក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកអាមេរិក Applied Materials និងក្រុមហ៊ុនបន្ទះឈីបអង្គចងចាំ Micron Technology ដែលសុទ្ធសឹងតែបានធ្វើការប្ដេជ្ញាចិត្តទៅលើការវិនិយោគរបស់ខ្លួន អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់ទឹកដីសហរដ្ឋអាមេរិក៕