កីឡាប្រដាល់ជើងចាស់ធានាផ្ដល់ការហ្វឹកហាត់ដល់ Elon Musk មុនប៉ះគ្នាជាមួយមេធំ Facebook

អន្តរជាតិ

បន្ទាប់ពីព័ត៌មានជុំវិញការវាយគ្នាក្នុងទ្រុង​រវាង​មហាសេដ្ឋី Elon Musk និង Mark Zuckerberg បាន​ផ្ទុះក្នុងប្រព័ន្ធអ៊ីនធឺណិត កីឡាករគុនចម្រុះជាច្រើនរូបសុទ្ធតែបានបញ្ចេញមតិ​រៀងៗខ្លួន ប៉ុន្តែភាគច្រើន​កាន់ជើងខាង Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Marca បានបង្ហាញថា អ្នកជំនាញក្បាច់គុនជាច្រើន​បាន​អះអាង​ផ្ដល់ការហ្វឹកហាត់ជូន CEO ក្រុមហ៊ុន Tesla ដោយមិនគិតលុយ ព្រោះដឹងថាដៃគូ​ប្រកួត Mark Zuckerberg ធ្លាប់បានហ្វឹកហាត់អស់រយៈពេលច្រើនឆ្នាំដែរ ខណៈ Elon Musk ខានហ្វឹកហាត់ក្បាច់គុនយូរហើយ។

បើទោះជាខានរំលឹកក្បាច់គុនយូរ តែ Elon Musk មានជំនឿចិត្តថា អាចយកឈ្នះ Mark Zuckerberg បាន ព្រោះធ្លាប់មានបទពិសោធន៍​ក្បាច់គុនច្រើន ប៉ុន្តែអ្នកជំនាញក្បាច់គុនបង្ហើបថា បើម្ចាស់ក្រុមហ៊ុន Twitter មិនចង់ខ្មាសគេ លោកចាំបាច់ត្រូវហ្វឹកហាត់ជាបន្ទាន់ មុនពេល​ប្រកួតជាមួយ​មេធំ Facebook។

ជាមួយគ្នានោះ កីឡាប្រដាល់ជើងចាស់ Dominick Cruz បាន​ចេញមុខមក​ធានាថា លោកនឹង​ផ្ដល់ការហ្វឹកហាត់ដល់ Elon Musk បើសិនជាមានឱកាស ព្រោះលោកគឺជា Fan មួយរូប​របស់​មហាសេដ្ឋីអាមេរិកម្នាក់នេះ។

“ខ្ញុំនឹងធ្វើជាគ្រូបង្វឹករបស់ Elon Musk ហើយនឹងចាប់ផ្ដើមភ្លាមៗ បើសិនជាគាត់ព្រម។ ខ្ញុំគឺជាអ្នកគាំទ្រមួយរូបរបស់គាត់ ចំពោះអ្វីដែលគាត់បានធ្វើ​សម្រាប់ពិភពលោក”។ នេះបើតាមសម្ដីរបស់​លោក Cruz បាននិយាយ។

គួររំលឹកដែរថា Dominick Cruz គឺជាកីឡាប្រដាល់ប្រភេទទម្ងន់ Bantamweight ដែលជា​ការប្រកួត​គីឡូចន្លោះពី ៥១-៥៤ គីឡូក្រាម ហើយលោកក៏ជា​ម្ចាស់ខ្សែក្រវ៉ាត់​ទម្ងន់ Bantamweight ២ សម័យ​ផងដែរ។

ជម្រាបបន្ថែមថា ក្រៅពី Cruz ក៏មានកីឡាគុនចម្រុះជាច្រើនទៀត ស្ម័គ្រចិត្ត​ផ្ដល់ការហ្វឹកហាត់ជូន Elon Musk ដោយមិនគិតថ្លៃថែមទៀតផង៕