កាលពីដើមខែមិថុនានេះ សេដ្ឋីចិនដែលមានវ័យក្បែរ ៦០ឆ្នាំ បានចូលរួមប្រលងលើកទី ២៧ ដើម្បីអាចចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែលទ្ធផលដែលបានចេញមកគឺបង្ហាញថា លោកបានធ្លាក់ពីការប្រលងនោះហើយ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សេដ្ឋីចិន Liang Shi ចាប់ផ្ដើមអស់សង្ឃឹម បន្ទាប់ពីបរាជ័យក្នុងការចូលរៀននៅមហាវិទ្យាល័យជាលើកទី ២៧ បើទោះជាលោកខំរៀនដាច់បាយដាច់ទឹក អស់រយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ មុនពេលការប្រលងក្ដី។
ដោយឡែក ចំពោះលទ្ធផលនៃការប្រលងដែលបានចេញកាលពីថ្ងៃសុក្រនោះ គឺបង្ហាញថា លោក Liang ខ្វះតែ ៣៤ពិន្ទុប៉ុណ្ណោះ ទើបអាចចូលរៀននៅមហាវិទ្យាល័យបាន ហើយសារព័ត៌មានក្នុងប្រទេសចិនជាច្រើនបានចុះផ្សាយថា សេដ្ឋីចិនរូបនេះបង្ហាញការខកចិត្តជាខ្លាំង។
អាចនិយាយបានថា ការបរាជ័យសារនេះធ្វើឲ្យលោក Liang ពិបាកទទួលយក ពោលបរាជ័យរាប់ទសវត្សមកហើយ លោកតែងតែសន្យាថានឹងចូលរួមប្រលងឆ្នាំក្រោយទៀត ប៉ុន្តែលើកនេះលោកបាក់ទឹកចិត្ត និងចាប់ផ្ដើមសួរខ្លួនឯងថា ការខំប្រឹងរបស់គាត់កន្លងមក វាដូចជាមិនមានន័យអ្វីសោះ។
យ៉ាងណា លោកក៏នៅតែជំនះថា ឆ្នាំក្រោយលោកនឹងចូលប្រលងម្ដងទៀត ដោយសន្យាថានឹងព្យាយាមឲ្យខ្លាំងជាងឆ្នាំនេះ ព្រោះក្ដីស្រមៃរបស់លោក ក្រៅពីមានទ្រព្យសម្បត្តិច្រើនលើសលុប គឺប្រាថ្នាចូលរៀននៅសាកលវិទ្យាល័យ៕