ស្រីលង្កា នឹងចាប់ផ្តើមសងបំណុលថ្លៃប្រេងអ៊ីរ៉ង់ ជាមួយនឹងតែរបស់ខ្លួន នៅខែក្រោយ

អន្តរជាតិ

យោងតាមមន្ត្រីស្រីលង្កា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីចុងសប្តាហ៍មុនថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមធ្វើការទូទាត់ថ្លៃជំពាក់ប្រេងរបស់អ៊ីរ៉ង់ ដែលមានតម្លៃប្រមាណ ២៥០លានដុល្លារ ជាមួយនឹងផលិតផលតែរបស់ខ្លួន នៅខែក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កិច្ចព្រមព្រៀងដោះដូរមួយនេះ ត្រូវបានធ្វើឡើងចាប់តាំងឆ្នាំ ២០២១ មកម្លេះ សម្រាប់ថ្លៃប្រេង ដែលស្រីលង្កា បាននាំចូលពីប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ ២០១២ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យាពេលវិញ បន្ទាប់ពីស្រីលង្កា ជួបប្រទះវិបត្តិកង្វះខាតសាច់ប្រាក់ដុល្លារ កាលពីឆ្នាំមុន ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានអស់រយ:ពេល ៧ ទសវត្សរ៍ចុងក្រោយ។

យ៉ាងណាមិញ លោក Niraj de Mel ប្រធានក្រុមប្រឹក្សាភិបាលតែ របស់ស្រីលង្កា បាននិយាយក្នុងពេលថ្មីៗនេះថា ៖ ” នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតសម្រាប់យើង ពីព្រោះថាយើងនឹងទទួលបានទីផ្សារដ៏សំខាន់មួយ ហើយទាំងអ៊ីរ៉ង់ និងស្រីលង្កា អាចធ្វើពាណិជ្ជកម្មជាមួយគ្នាបាន ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រាក់ដុល្លារឡើយ” ។

លោកបន្តទៀតថា ៖ ” កិច្ចព្រមព្រៀងនេះ គឺយើងនឹងត្រូវផ្ញើតែ ដែលមានតម្លៃ ៥លានដុល្លារ ក្នុងមួយខែ សម្រាប់រយ:ពេល ៤៨ ខែ ទៅកាន់អ៊ីរ៉ង់ ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង យើងនឹងចាប់ផ្តើមជាមួយនឹងការផ្ញើតែតម្លៃ ២លានដុល្លារ ក្នុងមួយខែសិន ” ។

តែប្រភេទ Ceylon Tea គឺជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលពីបរទេសច្រើនបំផុត សម្រាប់ប្រទេស្រីលង្កា ដោយសារតែភាពពេញនិយមរបស់វា ហើយតែប្រភេទនេះ បានអាចបង្កើតបានប្រាក់ចំណូលប្រមាណ ១,១២ពាន់លានដុល្លារ សម្រាប់ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី កាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា អ៊ីរ៉ង់ គឺជាអ្នកនាំចូលតែដ៏សំខាន់បំផុតមួយរបស់ស្រីលង្កា ប៉ុន្តែការនាំចេញ បានធ្លាក់ចុះជាលំដាប់ ពីចំនួន ១៨០លានដុល្លារ ក្នុងឆ្នាំ ២០១៨ មកនៅត្រឹម ៧០លានដុល្លារប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសារតែអ៊ីរ៉ង់ទទួលរងការដាក់ទណ្ឌកម្មពីអាមរិក ដែលវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មប្រទេសនេះ ៕