ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា អាចនឹងមានចំនួនត្រឹម ៩ លានតោនប៉ុណ្ណោះ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីចំនួន ១១ លានតោន ដែលត្រូវបាននាំចេញ កាលពីឆ្នាំមុន ដោយសារតែការថយចុះទិន្នផល ទាក់ទងទៅនឹងគ្រោះរាំងស្ងួត។ នេះតាមការចុះផ្សាយពីកាសែត Bangkok Post ។
លោក Ronnarong Phoopipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ បាននិយាយថា បើទោះបីជាមានកង្វះខាតផលិតកម្ម ដោយសារតែគ្រោះរាំងស្ងួតក៏ដោយ ប៉ុន្តែតម្រូវការដំឡូងមី និងផលិតផលដំឡូងមីរបស់ថៃ នៅតែមានកម្រិតខ្ពស់។
គួរឱ្យដឹងថា ការធ្លាក់ចុះទិន្នផលនៅឆ្នាំនេះ បានកើតឡើងបន្ទាប់ពីមានការកើនឡើង កាលពីឆ្នាំមុន នៅពេលដែលប្រទេសថៃ បានធ្វើការនាំចេញផលិតផលដំឡូងមីរបស់ខ្លួន នៅក្នុងចំនួន ១១ លានតោន ដោយអាចរកបានប្រាក់ចំណូលសរុប ៤,៤ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៦,៩% នៃបរិមាណ និង ១១,២% នៃតម្លៃ បើធៀបទៅនឹងឆ្នាំ ២០២១។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់រយ:ពេល ៥ ខែដំបូងឆ្នាំ ២០២៣ នេះវិញ ការនាំចេញដំឡូងមីរបស់ប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយបរិមាណធ្លាក់ចុះ ២០% និងតម្លៃធ្លាក់ចុះ ១៩% ។
ជម្រាបជូនផងដែរថា ចិន នៅតែរក្សាចំណែកទីផ្សារធំជាងគេ ក្នុងនាមជាអ្នកនាំចូលដំឡូងមីចម្បងរបស់ប្រទេសថៃ ដោយស្រុបយក ៦៥% នៃការនាំចេញសរុប។ ខណ:ទីផ្សារសំខាន់ៗផ្សេងទៀត មានដូចជាប្រទេសជប៉ុន (៧%) ឥណ្ឌូនេស៊ី (៥%) កូរ៉េខាងត្បូង (៣%) និងប្រទេសផ្សេងៗទៀត (២០%) ៕