ម៉ាឡេស៊ីត្រៀមខ្លួនរួចស្រេច ក្នុងការនាំប្រជាពលរដ្ឋពីប្រទេសរុស្ស៊ីវិញ

អន្តរជាតិ

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំប្រជាពលរដ្ឋរបស់ខ្លួន​ពីប្រទេស​រុស្ស៊ីគ្រប់ពេល បើសិនជាយល់ឃើញថាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ី​ទាំង ៧៥៥នាក់ អាចមានហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ahmad Zahid Hamidi ក៏បាន​លើកឡើងដែរថា៖ រដ្ឋាភិបាល​បានរៀបចំ​កិច្ចព្រមព្រៀងមួយចំនួន តាមរយៈរដ្ឋមន្ត្រីការបរទេស Wisma Putra ក្នុងការ​នាំយក​ប្រជាជន​ម៉ាឡេស៊ី​ពីរុស្ស៊ីគ្រប់ពេល បើសិនជាកាលៈទេសៈតម្រូវឲ្យពួកគេធ្វើបែបនេះ”។

បន្ថែមពីនោះនៅក្នុងការណែនាំមួយកាលពីថ្ងៃសៅរ៍ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅប្រទេសរុស្ស៊ី បានជំរុញឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់ ជាពិសេសនិស្សិតនៅទីក្រុងមូស្គូ សាំងពេទឺប៊ឺគ និងវ៉ុលហ្គោក្រាដ រក្សាការប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ កំណត់ការចេញទៅក្រៅ ក៏ដូចជាជៀសវាងតំបន់ដែលមានមនុស្សច្រើន។

ពួកគេក៏បានណែនាំដល់ប្រជាជនម៉ាឡេស៊ី ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវយកឯកសារផ្ទាល់ខ្លួនដូចជា លិខិតឆ្លងដែនរបស់ពួកគេគ្រប់ពេលវេលា និងដើម្បីធានាថាឯកសារធ្វើដំណើរមានសុពលភាព និងងាយស្រួលប្រើប្រាស់។

គួរជម្រាបដែរថា ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសរុស្ស៊ីកំពុង​រក្សាទំនាក់ទំនង​យ៉ាងស្អិតល្មួត ជាមួយ​ប្រជាជន​ម៉ាឡេស៊ី​ទាំង ៧៥៥នាក់ ដើម្បីធានាបានពីសុវត្ថិភាព​របស់ពួកគេ៕