សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានអ្នកឧកញ៉ា ឧកញ៉ា មកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៥រូប បានឈរឈ្មោះជាតំណាងរាស្ត្រ នៅមណ្ឌលរាជធានី-ខេត្ត ផ្សេងៗគ្នា។
យោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លេខ ១៩៣ គ.ជ.ប. ស.ស.រ ដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានទទួលស្គាល់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណៈបក្សប្រជាជនកម្ពុជា ដែលមាន ២៥ មណ្ឌលរាជធានី ខេត្ត ដោយក្នុងនោះមាន អ្នកឧកញ៉ា ឧកញ៉ា ដែលបានឈរឈ្មោះដូចខាងក្រោម៖
១. អ្នកឧកញ៉ា សៀង ណាំ៖ បេក្ខជនពេញសិទ្ធិ លេខរៀងទី២ មណ្ឌលខេត្តសៀមរាប
២. អ្នកឧកញ៉ា ម៉ម វណ្ណឌី៖ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តឧត្តរមានជ័យ
៣. ឧកញ៉ា ភួ ពុយ៖ បេក្ខជនបម្រុង លេខរៀងទី២ មណ្ឌលខេត្តបាត់ដំបង
៤. ឧកញ៉ា លី ឆេង៖ បេក្ខជនពេញសិទ្ធិ លេខរៀងទី១១ មណ្ឌលរាជធានីភ្នំពេញ
៥. ឧកញ៉ា ទ្រី ដាលុច៖ បេក្ខជនបម្រុង លេខរៀងទី៩ មណ្ឌលខេត្តកណ្តាល
សូមជម្រាបជូនថា បេក្ខជនតំណាងរាស្ត្រ ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ទាំង ២៥ មណ្ឌលរាជធានី-ខេត្ត គឺមានបេក្ខជនពេញសិទ្ធិចំនួន ១២៥រូប (ស្ត្រី ១៦រូប) និងបេក្ខជនបម្រុងចំនួនប្រមាណ ១៤៩រូប (ស្ត្រី ៣៨រូប)។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួម៕