នាយករដ្ឋមន្ត្រីចិន ថ្កោលទោសសំណើ “កាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក” របស់លោកខាងលិច

អន្តរជាតិ

នាថ្ងៃទី ២៧ មិថុនានេះ នាយករដ្ឋមន្ត្រីចិន Li Qiang បានធ្វើការថ្កោលទោស​ចំពោះកិច្ចខំប្រឹង​ប្រែង​របស់​ក្រុមលោកខាងលិច សម្រាប់ “ការកាត់បន្ថយហានិភ័យ” សេដ្ឋកិច្ចពិភពលោក ថាជា “សំណើរមិនពិត”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Li បានមានប្រសាសន៍ថា៖ នៅលោកខាងលិច មនុស្សម្នាខ្លះ​កំពុង​ត្រេកអរ​ជាមួយ​នឹង​អ្វីដែលពួកគេ​ហៅថា “កាត់បន្ថយ​ការពឹងផ្អែក និងកាត់បន្ថយហានិភ័យ” ប៉ុន្តែ​ការ​គិតបែបនេះ គឺជារឿងខុស ដោយសារតែការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច តម្រូវឲ្យ សេដ្ឋកិច្ចពិភពលោកបានក្លាយទៅជាអង្គភាពរួមមួយ ដែលអ្នក និងខ្ញុំត្រូវធ្វើការជាមួយគ្នា។

នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ថែមទៀតថា៖ សេដ្ឋកិច្ចនៃប្រទេសជាច្រើន ត្រូវបានបញ្ចូលគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមក ធ្វើសមិទ្ធិផលដោយសារតែគ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា​ ហើយនេះជាការពិត និងមិនមែនជារឿងអាក្រក់ទេ។

គួររំលឹកដែរថា កាលពីខែមុន ក្រុម G7 បានបើកអង្គប្រជុំនៅប្រទេសជប៉ុន ហើយក៏បាន​ជជែកគ្នា​អំពី​បញ្ហា​កាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក ដោយពួកគេ​បង្ហាញឆន្ទៈថា ត្រូវបោះចោល​យុទ្ធសាស្ត្រ “ផ្ដាច់ខ្លួន” ពីចិន ប៉ុន្តែ​ងាកមក​ “កាត់បន្ថយការពឹងផ្អែក” ជាបណ្ដើរៗវិញ ដ្បិត​មហាអំណាចចិន​គឺជា​ដៃគូសំខាន់​របស់​បណ្ដា​ប្រទេសជាច្រើន ដូច្នេះ​បើសុខៗ​ពួកគេ​ “ផ្ដាច់ខ្លួន” នោះ​ប្រៀបដូចជា​ ផ្ដាច់ផ្លូវខ្លួនឯងដូចគ្នា។

យ៉ាងណា ក្រុម G7 នៅតែព្យាយាម​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ចិន និងព្យាយាម​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​មហាអំណាចអាស៊ី តាមដែលអាចធ្វើទៅបាន ដូចជា​យកលេសថា ចិន​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ដូច្នេះ​អាមេរិក​ព្យាយាម​រារាំង​ដល់​ការ​នាំចេញទំនិញ​របស់​ចិន ចូលទីផ្សារអាមេរិក​ជាដើម៕