កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបង្ហើបឲ្យដឹងថា បើសិនជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ នោះតំបន់ស្នែងអាហ្វ្រិក (Horn of Africa) ដែលមានប្រទេសដូចជា ជីប៊ូទី អេរីទ្រា អេត្យូពី សូម៉ាលី កេនយ៉ា ស៊ូដង់ខាងត្បូង និងស៊ូដង់ នឹងរងទុក្ខធ្ងន់ជាមិនខាន។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បញ្ហាធំដែលប្រទេសទាំង ៤នោះ នឹងជួបប្រទះគឺ តម្លៃម្ហូបអាហារ នឹងឡើងថ្លៃ ហើយវានឹងបណ្ដាលឲ្យមនុស្សរាប់សិបលាននាក់ ប្រឈមនឹងហានិភ័យកង្វះខាតស្បៀងអាហារ។
ប្រភពដដែលបន្ថែមថា គ្រោះទុរភិក្សនៅផ្នែកខ្លះនៃតំបន់ស្នែងនៃទ្វីបអាហ្វ្រិក គឺអាចបញ្ចៀសបានខ្លះនៅឆ្នាំនេះ ខណៈរដូវវស្សាដែលព្យាករណ៍ថា នឹងបរាជ័យក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា មានលើសពីការរំពឹងទុក។
ប៉ុន្តែមន្ត្រីជំនួយបាននិយាយថា មនុស្សប្រហែល ៦០លាននាក់នៅតែជួបបញ្ហាអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ០៧ នៅអាហ្វ្រិកខាងកើត ហើយព្រួយបារម្ភអំពីផលប៉ះពាល់នៃការវាយប្រហារបន្ថែមទៀត។
“ការមិនបន្តឡើងវិញនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅនឹងប៉ះពាល់អាហ្វ្រិកខាងកើតយ៉ាងធ្ងន់ធ្ងរ។ មានប្រទេសមួយចំនួនដែលពឹងផ្អែកលើស្រូវសាលីរបស់អ៊ុយក្រែន ហើយបើគ្មានវាទេ យើងនឹងឃើញតម្លៃអាហារខ្ពស់យ៉ាងខ្លាំង”។ នេះបើតាមសម្ដីរបស់លោក Dominique Ferretti មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក។
គួររំលឹកដែរថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០,៤លាននាក់ប្រឈមមុខ នឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកខ្លះនៃប្រទេសកេនយ៉ា។
សូមជម្រាបដែរថា បេសកជនអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ៩៩,៩% រុស្ស៊ីនឹងលុបចោលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលផ្ដួចផ្ដើមឡើងពីការសម្របសម្រួលរវាងអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដា ឆ្នាំទៅ បើសិនជាឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីមិនត្រូវបានដកចេញទេ៕