អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចតែងតាំងលោកបណ្ឌិត ហេង វុទ្ធី ជា ទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ការចេញសេចក្តីសម្រេចតែងតាំងលោកបណ្ឌិត ហេង វុទ្ធី ជាទីប្រឹក្សាជាន់ខ្ពស់ គឺយោងលើការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមឱ្យបានល្អប្រសើរ។ មុនទទួលបានការតែងតាំង ដំឡើងតួនាទីនេះ បណ្ឌិត ហេង វុទ្ធី ពីមុនមានតួនាទីជា ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
លោកបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានៈស្មើ «រដ្ឋមន្ត្រី» បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។
គួរបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។ សមាគមនេះមានសុទ្ធតែអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវគ្រាក់ៗ ធ្វើជាថ្នាក់ដឹក ក្នុងនោះ អ្នកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ ជាប្រធានសមាគម និងអនុប្រធានជិត ១០រូបទៀត ដែលសុទ្ធតែជាម្ចាស់បុរីនិងផ្ទះល្វែង ដូចជា បុរីពិភពថ្មី, បុរីប៉េងហ៊ួត, បុរីជីបម៉ុងគ្រុប, បុរីអ័រគីដេរ, បុរីវិមានចរណៃ ជាដើម៕