ក្រុមហ៊ុនមហាសេដ្ឋី Warren Buffett បន្តលក់ចេញភាគហ៊ុនតម្លៃជាង ៨៦លានដុល្លារ ពី BYD

អន្តរជាតិ

ក្រុមហ៊ុនវិនិយោគលំដាប់កំពូលអាមេរិក Berkshire Hathaway ដែលគ្រប់គ្រងដោយមហាសេដ្ឋី Warren Buffett នៅតែបន្តផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយការកាន់កាប់ភាគហ៊ុន នៅ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ឈានមុខគេមួយរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន Berkshire បានសម្រេចដកចេញភាគហ៊ុនចំនួន ២,៥៣ លានហ៊ុន នៅក្នុងក្រុមហ៊ុន BYD ដែលបានចុះនៅក្នុងបញ្ជីភាគហ៊ុនរបស់ហុងកុង នៅក្នុងតម្លៃប្រមាណ ៦៧៥,៨ លានដុល្លារហុងកុង (៨៦,៣លានដុល្លារ) ។

គួរឱ្យដឹងថា ការលក់ចុងក្រោយនេះ បានកាត់បន្ថយសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ Berkshire នៅក្នុងក្រុមហ៊ុន BYD មកនៅត្រឹម ៨,៩៨% ប៉ុណ្ណោះ ពីចំនួន ៩,២១% ។ នេះបើតាមឯកសារចុងក្រោយមួយ ដែលបានផ្ញើទៅកាន់ទីផ្សារភាគហ៊ុនហុងកុង។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett បានធ្វើការកាត់បន្ថយភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនមួយនេះ ជាបន្តបន្ទាប់ ដោយគិតចាប់តាំងពីចុងខែសីហា ឆ្នាំមុនមក ៕