ថ្មីៗនេះ អាជ្ញាធរទីក្រុង Hai Phong របស់ប្រទេសវៀតណាម បានបើកភ្លើងខៀវទៅលើសំណើរបស់ក្រុមហ៊ុន LG Innotek ដែលជាបុត្រសម្ព័ន្ធធំមួយរបស់ក្រុមហ៊ុនអេឡិចត្រូវនិកខ្នាតយក្សកូរ៉េខាងត្បូង LG Group ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន ដល់ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី VN Express ។
ក្រុមហ៊ុន LG Innotek នឹងបង្កើនការវិនិយោគរបស់ខ្លួនទ្វេដង ពីការវិនិយោគបច្ចុប្បន្នចំនួន ១ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពរបស់ក្រុមហ៊ុន ជាមួយនឹងការសាងសង់រោងចក្រថ្មីបន្ថែម ដោយរំពឹងថានឹងចាប់ផ្តើមផលិតកម្ម នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ។
គួរឱ្យដឹងផងដែរថា ការយល់ព្រមពីអាជ្ញាធរ នៅក្នុងទីក្រុង Hai Phong នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបញ្ចប់ដំណើរទេស្សនកិច្ចផ្លូវការរយ:ពេល ៣ ថ្ងៃមកកាន់ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយអមដំណើរមកជាមួយគណ:ប្រតិភូ ដែលមានប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo ផងដែរ។
ជម្រាបជូនថា ការបន្ថែមទឹកប្រាក់វិនិយោគ ១ពាន់លានដុល្លារនេះ នឹងធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេសរបស់ក្រុង Hai Phong នៅក្នុងឆមាសទីមួយ ឆ្នាំនេះ កើនឡើងដល់ ១,៩ពាន់លានដុល្លារ ឬស្មើទៅនឹង ៩៥% នៃគោលដៅពេញមួយឆ្នាំរបស់ខ្លួនទៅហើយ ៕