ភរិយាឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM ទទួលបានការបំពាក់គ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍

ជុំវិញ​ឧកញ៉ា

លោកជំទាវ គឹម ក្លាលីតា ម៉េនកានី ភរិយារបស់​លោក​ឧកញ៉ា​ ម៉េន កានី ​​ម្ចាស់​គម្រោង បុរី GM ផ្លូវ 51 ​ត្រូវបាន​ព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស ​សម្តេច​ព្រះមហាក្សត្រី​យានី ព្រះស៊ីសុវត្ថិ​មុនីវង្ស កុសុមៈ​នារី​រ័ត្ន ​ថ្នាក់​មហាសិរីវឌ្ឍន៍ ​​និង​​ត្រូវ​បាន​បំពាក់​​ដោយ​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​​ក្នុង​ពិធីសម្ពោធ​ឆ្លង​សមិទ្ធផលនានា ​ក្នុងវត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) ​ស្ថិតក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពី​ព្រឹកថ្ងៃអាទិត្យ ​ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ទទួល​បាន​ការ​បំពាក់​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ខាង​លើ​នេះ លោក​ជំទាវ គឹម ក្លាលីតា ម៉េនកានី ​​​បាន​បង្ហាញ​សារ​ថ្លែង​អំណរគុណ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ចន្ទ យ៉ាង​ដូច្នេះ​ថា៖ “កូនសូម លំឱនកាយ​គោរព​អរគុណ​អ្នកម៉ែ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្ងៃនេះកូនពិតជាមានមហាកិត្តិយសខ្លាំងណាស់ ដែល​បានសម្តេចម៉ែ បំពាក់គ្រឿង​ឥស្សរិយយស ដល់រូបកូន និង​ទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅលើទឹកដី​នៃខេត្ត​ស្វាយរៀង”។

“នៅក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ កូនសូមគោរព អគុណនិងជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្ដេចម៉ែ មានសុខភាព​ល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ សូមសម្ដេចម៉ែជួបនូវ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពស្រលាញ់ពីកូននិងស្វាមី”។ លោក​ជំទាវ គឹម ក្លាលីតា ម៉េនកានី ​បាន​បន្ថែម។

គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD និងជាស្ថាបនិកគម្រោង បុរី GM ផ្លូវ 51 ​​និង​លោក​ជំទាវ គឹម ក្លាលីតា ម៉េនកានី ​ជាសប្បុរជន ក្នុងចំណោម អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរជនផ្សេងៗទៀត ដែលតែងតែចេញមុខ ចំណាយធនធាន ថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់​ផ្សេងៗ ជួយដល់ប្រជាពលរដ្ឋរងការខ្វះខាតក្នុងសង្គម និង​ជួយ​កសាង​សមិទ្ធផល​​​​នានា តាម​វត្ត​អារ៉ាម​ជាហូរហែ៕