ប្រធាន និងជា CEO ក្រុមហ៊ុន LVMH មហាសេដ្ឋីបារាំង Bernard Arnault កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ពោលក្រោយមានការប្រទះឃើញលោក និងក្រុមគ្រួសារបានដើរផ្សារទំនើប WF Central នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
តាមរយៈរូបភាព គេសង្កេតឃើញថាមានលោក Arnault និងកូនស្រី Delphine Arnautl ជា CEO ក្រុមហ៊ុន Dior និងកូនប្រុស Jean Arnault ដែលកំពុងធ្វើការនៅក្រុមហ៊ុន Louis Vuitton បានកំពុងដើរផ្សារទំនើប ជាមួយប្រធានក្រុមហ៊ុន Dior ដែលមានសាខានៅចិនគឺអ្នកនាង Monika Figlewicz។
គួររំលឹកដែរថា មហាសេដ្ឋីបារាំងបានបង្ហើបថា មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែនេះ ហើយសុខៗលោកស្រាប់តែបង្ហាញវត្តមាននៅផ្សារទំនើបល្បីឈ្មោះមួយកន្លែង។
គោលបំណងនៃការបំពេញទស្សនកិច្ចទៅកាន់មហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ គឺដើម្បីពង្រីកទីផ្សារក្រុមហ៊ុន ព្រោះបច្ចុប្បន្នប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់សម្ភារៈនិយម ខណៈប្រជាពលរដ្ឋលំដាប់អភិជននៅទីនោះ ត្រូវបានគេដឹងថាដៃទូលាយ ចាយលុយមិនសូវរិះថាំឡើយ ចំពោះសម្ភារៈលំដាប់ High-Show ដូចជា Luois Vuitton ជាដើម៕