នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយប្រធានាធិបតីចិន ពង្រឹងទំនាក់ទំនងទ្វេភាគី

អន្តរជាតិ

កាលពីថ្ងៃទី ២៧ មិថុនាកន្លងទៅ​ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins បាន​បំពេញទស្សនកិច្ចទៅចិន ដោយបានជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង នៅទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចមួយនេះធ្វើឡើងក្នុងគោលបំណង បង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាង​នូវែលសេឡង់ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក ដ្បិត​ចំណូលបានពីការ​នាំចេញ​របស់​ប្រទេសលោកខាងលិចមួយនេះ ប្រហែល ១/៤ គឺបានមកពី​ប្រទេសចិន ដែលមានន័យថា នូវែលសេឡង់​ពឹងផ្អែកលើ​មហាអំណាចអាស៊ីជាខ្លាំង។

នាយករដ្ឋមន្ត្រី Hipkins ក៏បាន​និយាយជាមួយ​លោក ស៊ី ជិនពីង អំពីការពង្រឹងទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យនានា ដូចជា ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ និងនវានុវត្តន៍ កសិកម្ម និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក Hipkins ថា ទំនាក់ទំនងទ្វេភាគីបាន “បន្តអភិវឌ្ឍប្រកបដោយសុខុមាលភាព និងស្ថិរភាព ថែមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងសងខាង”។

បន្ថែមពីនោះ ថ្នាក់ដឹកនាំកំពូលចិនក៏បានលើកឡើងទៀតថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បី “ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់”៕