សហជីព៖ការមិនតម្លើងថ្លៃឈ្នួលផ្ទះជួយឱ្យកម្មក-កម្មការិនីរោងចក្រមានជីវភាពប្រសើរនិងកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២៨ខែមិថុនាបានបន្តអំពាវនាវទៅដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំតម្លើងថ្លៃចំពោះកម្មករនិយោជិក ហើយការមិនតម្លើងថ្លៃឈ្នួលផ្ទះនេះត្រូវបានសហជីពក្នុងស្រុកមួយយល់ថាវាបានចូលរួមជួយឱ្យជីវភាពរបស់ក្រុមគ្រួសារកម្មករ កម្មការិនីរោងចក្រមានភាពប្រសើរឡើងថែមមួយកម្រិតនិងកាត់បន្ថយបានភាពក្រីក្រនៅក្នុងសង្គមបានថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បើសិនជាម្ចាស់ផ្ទះជួលឱ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរបើតម្លើងថ្លៃជួលផ្ទះវាធ្វើឱ្យទំហំនៃការចំណាយរបស់កម្មករ កម្មការិនីធ្វើការនៅតាម រោងចក្រវាកាន់តែកើនឡើង។តែបើគាត់មិនបានតម្លើងថ្លៃផ្ទះជួលនោះទេ គាត់នៅរក្សាតម្លៃដដែលឬតម្លៃធ្លាប់ជួលកន្លងមកទៅ វាធ្វើឱ្យបងប្អូនកម្មករចំណាយទាប ឬអាចគាត់យកប្រាក់នេះទៅចំណាយលើផ្សេងៗឬទុកផ្គត់ផ្គង់ដល់ក្រុមគ្រួសារនៅស្រុកកំណើត។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានចាត់ទុកថា «ម្ចាស់ផ្ទះជួលមិនតម្លើងថ្លៃផ្ទះឬកន្លែងស្នាក់នៅទៅដល់កម្មករ គឺជារឿងមួយដ៏ប្រសើរសម្រាប់បងប្អូនកម្មក កម្មការិនីរោងចក្រ ហើយជួយគាត់មានជីវភាពប្រសើរឡើងបន្ថែមទៀត ហើយទន្ទឹមនិងនេះខ្ញុំចូលរួមអបអរសាទរនិងសម្តែងការរីករាយចំពោះម្ចាស់ផ្ទះជួលដែលមិនបានតម្លើងថ្លៃដល់បងប្អូនកម្មករ ។ខ្ញុំសូមចំណូមពរម្ចាស់ផ្ទះជួលដែលត្រៀមថានឹងតម្លើងថ្លៃផ្ទះជួល សូមមានការអត់ធ្មត់ហើយរក្សាតម្លៃឈ្នួលឱ្យស្ថិរភាពជូនកម្មករដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រទំាងអស់គ្នា»។

លោកបន្តថា នៅពេលកន្លងមកម្ចាស់ផ្ទះជួលតម្លើងថ្លៃភាគច្រើនឆ្លៀតចាប់យកប្រយោជន៍ ហើយនៅពេលអាជ្ញាធរចុះសម្របសម្រួលគាត់តែងតែលើកយកបញ្ហាសេដ្ឋកិច្ចឬបញ្ហាលំបាករបស់គាត់។ប៉ុន្តែបើយើងមើលទៅលើភាពជាក់ស្តែងម្ចាស់ផ្ទះជួលដែលនៅតម្លើងថ្លៃកន្លែងស្នាក់នៅគាត់ចាប់យកឱកាសច្រើនជាង ពេលគាត់ទទួលបានព័ត៌មានអំពីការតម្លើងប្រាក់ឈ្នួលជាប្រចំាឆ្នំារបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលនៃក្រសួងការងារបណ្តុះបណ្តាលប្រជុំសម្រេច ធ្វើឱ្យម្ចាស់ផ្ទះជួលមួយចំនួនបានតម្លើងថ្លៃរួចជាស្រេចប្រាប់ទៅកម្មករកំពុងជួលផ្ទះរបស់គាត់បាត់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិតខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។ សម្តេចតេជោបានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម៕ អត្ថបទ៖ សារេត