មេដឹកនាំគណបក្សឈ្នះឆ្នោតបង្ហើបថា មានការគាំទ្រគ្រប់គ្រាន់ពីព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃបាន

អន្តរជាតិ

លោក ភីថា លីមចារើនរ៉ាត់ ដែលជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយខ្លួនជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងទទួលបានគាំទ្រគ្រប់គ្រាន់ពីសំណាក់ព្រឹទ្ធសភា ដើម្បីអាចឡើងកាន់តំណែងកំពូលមួយនេះបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្សឆ្ពោះទៅមុខ (MFP) របស់លោក ភីថា បានឈ្នះឆ្នោតនិងទទួលបានអាសន:ច្រើនជាងគេបំផុត នៅក្នុងការបោះឆ្នោតទូទៅ កាលពីខែមុន នៅពេលដែលក្រុមអ្នកបោះឆ្នោត បានមើលរំលងគណបក្សកាន់អំណាច ដែលមានជាប់ទាក់ទងជាមួយនឹងរបបយោធា និងបានគ្រប់គ្រងប្រទេសនេះ អស់រយ:ពេលជិតមួយទសវត្សរ៍ ។

យ៉ាងណាមិញ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន លោក ភីថា ចាំបាច់ត្រូវប្រមូលសំឡេងគាំទ្រភាគច្រើននៅសភាទាំងពីរ រួមទាំងព្រឹទ្ធសភាផងដែរ ដែលសមាជិក ២៥០ នាក់ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារបបយោធាកាន់អំណាច។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលចម្រុះមួយរបស់លោក ភីថា ដែលត្រូវបានបង្កើតឡើង ដោយមានគណបក្សចំនួន ៨ ចូលរួម បច្ចុប្បន្នមានអាសន:សរុបចំនួន ៣១២ នៅក្នុងសភា ហើយត្រូវការអ្នកគាំទ្រចំនួន ៦៤ ផ្សេងទៀត មកពីសភាទាំងពីរ ដើម្បីអាចទទួលបានសំឡេងភាគច្រើន ។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា តើសមាជិកព្រឹទ្ធសភាប៉ុន្មានរូប ដែលនឹងគាំទ្រលោក ខណ:លោក ភីថា បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅឯអគារសភាវិញថា ៖ “​វាគឺគ្រប់គ្រាន់ហើយ ដើម្បីអាចធ្វើឱ្យខ្ញុំ ក្លាយជានាយករដ្ឋមន្ត្រីថ្មីបាន ” ។

ជម្រាបជូនផងដែរថា សភារបស់ថៃ គ្រោងនឹងបើកកិច្ចប្រជុំជាលើកដំបូង ចាប់តាំងពីមានការបោះឆ្នោតមក នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ស្របពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើង នៅពាក់កណ្តាលខែកក្កដា ខាងមុខ ៕