ប្រធានក្រុមហ៊ុន Charoen Pokphand Group មហាសេដ្ឋីថៃ Dhanin Chearavanont បានបង្ហើបឲ្យដឹងថា អ្នកធុរកិច្ច និងវិនិយោគិនចិន មិនគួរមើលរំលងឱកាសបណ្ដាក់ទុននៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ឡើយ ព្រោះទីនោះនឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបបំផុតប្រចាំប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។
មហាសេដ្ឋីមានបំផុតប្រចាំប្រទេសថៃ បានលើកឡើងបែបនេះអំឡុងពេលថ្លែងសន្ទរកថា នៅឯអនុសញ្ញាសហគ្រិនចិនពិភពលោកលើកទី១៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មថៃ-ចិន ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit កាលពីថ្ងៃអាទិត្យ និងមានលោកជាប្រធាន។
លោក Dhanin បានមានប្រសាសន៍ថា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គ្រប់ប្រទេសទាំងអស់បានបង្វែរចំណាប់អារម្មណ៍ មកពង្រឹងវិស័យបច្ចេកវិទ្យា និងសេវាកម្មរៀងៗខ្លួន។
បន្ថែមពីនោះ ប្រធានក្រុមហ៊ុន CP Group ក៏បានកោតសរសើរចំពោះវិនិយោគិនចិន ដែលបានរកឃើញនូវឱកាសពង្រីកអាជីវកម្មរបស់ពួកគេ បើទោះបីជាមានភាពមិនច្បាស់លាស់ ដែលនាំមកដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃស្ថានភាពភូមិសាស្ត្រនយោបាយក៏ដោយ ខណៈជនជាតិជប៉ុនបានចាក់លុយយ៉ាងច្រើន ចូលក្នុងប្រទេសមួយនេះ ដើម្បីកសាងសមត្ថភាពរបស់ប្រទេសថៃ ទៅជាមជ្ឈមណ្ឌលផលិតកម្ម។
សូមជម្រាបថា មហាសេដ្ឋីថៃ EEC ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេសថៃ តាមរយៈការទាក់ទាញបច្ចេកវិទ្យា និងនវានុវត្តន៍កម្រិតខ្ពស់បន្ថែមទៀតទៅកាន់តំបន់ ខណៈ EEC ត្រូវបានគេមើលឃើញថាជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែការផលិតធម្មតានឹងបន្តដើរតួនាទីយ៉ាងសំខាន់ ដោយសារធម្មជាតិនៃតម្រូវការក្នុងតំបន់៕