ថៃ កំពុងពន្លឿនការនាំចេញទុរេនរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយវៀតណាម

អន្តរជាតិ

ក្រុមហ៊ុននាំចេញរបស់ថៃ ក្នុងពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងព្យាយាមកាត់បន្ថយពេលវេលា ក្នុងការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសចិន ពីរយ:ពេល ៨ ថ្ងៃ មកនៅត្រឹម ៤ ថ្ងៃប៉ុណ្ណោះ នៅពេលដែលពួកគេកំពុងសម្លឹងរកមើលឱកាសប្រកួតប្រជែងជាមួយប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ប្រទេសថៃ បានដឹកជញ្ជូនផ្លែទុរេនស្រស់ចំនួន ៤៧៧ ៧០០ តោន ទៅកាន់ប្រទេសចិន នៅក្នុងរយ:ពេល ៥ ខែដំបូងឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូល ១,៧៥ពាន់លានដុល្លារ និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៣០ ឆ្នាំចុងក្រោយ ។

យ៉ាងណាមិញ ចំពោះការកើនឡើងដ៏ច្រើនបែបនេះ ក៏ព្រោះតែថៃ បាននិងកំពុងប្រើប្រាស់ផ្លូវរថភ្លើងថ្មី តភ្ជាប់ជាមួយប្រទេសឡាវ និងចិន ដែលវាបានជួយកាត់បន្ថយពេលវេលា ក្នុងការដឹកជញ្ជូនបានយ៉ាងច្រើន ។

មិនតែប៉ុណ្ណោះ លោក Terapong Techasathian ជំនួយការនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pan-Asia Sil Road Ltd បាននិយាយថា កាលពីខែមេសា ក្រុមហ៊ុនរបស់លោក បានធ្វើការកត់ត្រាការដឹកជញ្ជូនផ្លែទុរេន ចំនួន ២៥ កុងតឺន័រ ពីប្រទេសថៃ ទៅកាន់ប្រទេសចិន ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃ ។

យ៉ាងណាមិញ នាយកប្រតិបត្តិក្រុមនាំចេញផ្លែឈើរបស់វៀតណា លោក Vina T&T លោក Nguyen Dinh Tung បាននិយាយថា បច្ចុប្បន្ននេះប្រទេសថៃ កំពុងធ្វើការផ្លាស់ប្តូរ ដើម្បីបង្រួបបង្រួមចំណែកទីផ្សារទុរេនរបស់ពួកគេ ទៅកាន់ប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើង ពីសំណាក់ប្រទេសវៀតណាម ។

ជម្រាបជូនផងដែរថា ការនាំចេញផ្លែទុរេនស្រស់របស់វៀតណាម ទៅកាន់ប្រទេសចិន ក្នុងរយ:ពេល ៥ ខែដំបូងនេះ បានកើនឡើង ១៤ ដង ក្នុងតម្លៃ ៤៧៧លានដុល្លារ។ ខណ:ប្រទេសចិន មានចំណែក ៩៥% នៃការនាំចេញទុរេនសរុប របស់វៀតណាម ៕