រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានបង្ហាញក្ដីរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ នឹងអាចបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងឡើងវិញ ក្រោយទទួលស្គាល់ថា កន្លងមកប្រទេសទាំង ២ ធ្លាប់មានភាពល្អក់កករជាមួយគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MSNBC។
យោងតាមការស្រង់សម្ដីរបស់លោកស្រី Yellen ពីសារព័ត៌មានអាមេរិកបានឲ្យដឹងថា៖ ក្ដីរំពឹងរបស់ខ្ញុំសម្រាប់ដំណើរទស្សនកិច្ចទៅចិន គឺបង្កើតទំនាក់ទំនងឡើងវិញ ព្រោះបច្ចុប្បន្នក្រុមថ្នាក់ដឹកនាំមានការផ្លាស់ប្ដូរ ដូច្នេះពួកយើងត្រូវតែស្គាល់គ្នាទៅវិញទៅមក។ ពួកយើងក៏ត្រូវពិភាក្សាពីការខ្វែងគំនិតគ្នាទៅវិញទៅមក ដើម្បីកុំឱ្យមានការយល់ច្រឡំ និងយល់ខុសពីចេតនារបស់ភាគីទាំងសងខាងផងដែរ។
យ៉ាងណា រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ មិនបានបញ្ជាក់លំអិតពីពេលវេលានៃដំណើរទស្សនកិច្ចឡើយ ប៉ុន្តែកាលពីសប្ដាហ៍មុនសារព័ត៌មាន Bloomberg ធ្លាប់រាយការណ៍ថា លោកស្រីគ្រោងនឹងនៅទីនោះនាដើមខែកក្កដា សម្រាប់កិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ជាលើកដំបូងជាមួយសមភាគីចិនថ្មី។
សូមជម្រាបដែរថា បច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងចិនកំពុងមានភាពតានតឹង និងភាពទុទិដ្ឋិនិយមកាន់តែខ្លាំង ជុំវិញបញ្ហាសន្តិសុខជាតិ រួមទាំងតៃវ៉ាន់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ការបង្កើនការហាមឃាត់ការនាំចេញ របស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋាភិបាលចិនជាដើម៕