ដើម្បីសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត សំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារសំខាន់ៗមួយចំនួន៦ចំណុច។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី២៩ ខែមិថុនានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើរឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ អនុវត្តការងារ៖
១)ជម្រុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង ប្រហុកសៀមរាប និងបញ្ចប់ការចុះបញ្ជីម៉ាកសមូហភាព ក្រូចពោធិ៍សាត់ ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល និងទឹកមាត់ត្រចៀកកាំកម្ពុជា។
២)- ជម្រុញការផ្សព្វផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាមកម្មវិធីជាតិ អន្តរជាតិ នូវម៉ាកសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាព ដែលបានចុះបញ្ជីរួច ឱ្យក្លាយជាគោលដៅទេសចរណ៍ និងវប្បធម៌។
៣)- បន្តធ្វើវិសោធនកម្មច្បាប់ និងរៀបចំច្បាប់និងបទប្បញ្ញតិ្ត ឱ្យស្របតាមកិច្ចព្រមព្រៀងនានាដែលកម្ពុជាជាសមាជិក និងស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ព្រមទាំងពង្រឹងបន្ថែមនូវការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព។
៤)- លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការយល់ដឹងជាសាធារណៈពីកម្មសិទ្ធិបញ្ញា ជាពិសេសពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនានា។
៥)- ជម្រុញសហគ្រាសធុនតូច និងមធ្យម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង
និង៦)-លើកកម្ពស់ប្រព័ន្ធស្វ័យប្រវត្តិកម្ មសម្រាប់ការចុះបញ្ជីកម្មសិទ្ធិបញ្ញា៕
អត្ថបទ៖សារេត