កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ ប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា ចូលជួបវិនិយោគិនចិន ដែលមានវិនិយោគិនទាំងកម្ពុជា និងវិនិយោគចិន សរុបប្រមាណ ១៨០រូប។
នៅក្នុងជំនួបរវាងវិនិយោគិនទាំងពីរភាគី គឺក្នុងគោលបំណង ៣សំខាន់ៗរួមមាន៖ ១)ចូលរួមនៅក្នុងការអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា ២)បង្កើនសោមនស្សរីករាយជាមួយបណ្តាវិនិយោគិនទាំងកម្ពុជា ទាំងចិន និងបរទេសនានា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង ៣)វេទិកាវិទ្យាសាស្រ្តសេដ្ឋកិច្ចចំហស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងផែនការសកម្មភាពវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា។
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជា-ចិន បានជម្រុញកិច្ចសហការរបស់ខ្លួន ដោយឈានពីកិច្ចសហប្រតិបត្តិការមិត្តដែកថែប ទៅកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងកម្រិតកាន់តែខ្ពស់ថ្មីមួយទៀត។
ជាមួយគ្នានោះ ក្រោមកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» កម្ពុជា និងចិនបានឯកភាពគ្នាអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដោយផ្តោតសំខាន់ទៅលើវិស័យចំនួន ៦ គឺ នយោបាយ ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងធនធានមនុស្ស៕