ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ម៉ែត្រ ទទឹងលំហផ្លូវ ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរចំនួន ២ទីតាំង ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិតភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីស្រឡាងដ៏ធំមួយខ្សែទៀតនេះ ក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ព្រមទាំងរដ្ឋបាលខណ្ឌ កងកម្លាំង មន្រ្តីរាជការ សមាគមយុវជន និងប្រជាពលរដ្ឋ សរុបប្រមាណ ៣,៤០០នាក់។
ផ្លូវមួយខ្សែនេះគឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោម បណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី “ឈុន គង់”។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវ សម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។
សូមជម្រាបថា មហាវិថីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាជាច្រើន។ គួរបញ្ជាក់ដែរថា ផ្សារទំនើប អ៊ីអនមានជ័យ (AEON) គឺស្ថិតនៅចំណុចប្រសព្វនៃមហាវិថីសម្តេច ហ៊ុន សែននិង មហាវិថី ឈុន គង់៕