ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសង្កេតឃើញថានៅរយៈពេល២ខែចុងក្រោយនេះវិស័យចិញ្ចឹមជ្រូកនៅក្នុងស្រុកហាក់មានភាពល្អប្រសើរមករកភាពប្រក្រតីខ្លះៗវិញហើយ ខុសកាលពីដើមឆ្នំា២០២៣ ពោលតម្លៃជ្រូករស់ឡើងជិតដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា «តម្លៃជ្រូករស់ងើបឡើងវិញបន្តិចក្នុងរយៈពេល២ខែចុងក្រោយនេះដោយសារ៖ទី១)-ការចិញ្ចឹមជ្រូកមានការថយចុះ ព្រោះតម្លៃជ្រូកបានធ្លាក់ចុះក្រោមថ្លៃដើមផលិតអស់រយៈពេលយូរពេក ធ្វើឱ្យកសិករមួយចំនួនធំមិនអាចទ្រទ្រង់បាន ធ្វើឱ្យការផ្គត់ផ្គង់មានការថយចុះ អីចឹងហើយទើបធ្វើឱ្យតម្លៃមានភាពល្អឡើងវិញបន្តិច និងទី២)- ដោយសារមានការគំាំទ្រពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសហការទប់ស្កាត់សាច់បង្កកខូចគុណភាពនិងសាច់នាំចូលផ្សេងៗបានជាច្រើនករណី ធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារបស់យើងបានកើនឡើង អីចឹងទើបធ្វើឱ្យតម្លៃជ្រូកងើបមកវិញបន្តិច ទោះបីតម្លៃនេះកសិករលក់ជ្រូកមិនទាន់រកបាននៅប្រាក់ចំណេញ ប៉ុន្តែអាចទប់ទល់មិនឱ្យខាតបង់ប្រាក់ដូចកាល៥ខែកន្លងទៅ»។
ពាក់ព័ន្ធនិងតម្លៃជ្រូករស់បើតាម លោក លី ឡាវីល ថានៅពេលបច្ចុប្បន្នលោក មិនទាន់អាចធ្វើការប៉ាន់ប្រមាណបានទេ ព្រោះវាមានបញ្ហាច្រើនថាតម្លៃជ្រូកនិងប្រែប្រួលបែបណានោះទេ។
លោកបន្តថា តម្លៃជ្រូករស់បើថ្លៃឡើងដល់១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ទើបអាចឱ្យកសិករទប់ខ្លួនបាននៅក្នុងការចិញ្ចឹមនិងផ្គត់ផ្គង់បាន តែបើតម្លៃជ្រូកនៅក្រោម១ម៉ឺនរៀល សម្រាប់អ្នកមានលទ្ធភាពតិចតួចត្រូវបោះបង់ តែក្រុមហ៊ុនធំៗគេមានបទពិសោធន៍ មានលុយសម្រាប់ទ្រទ្រង់គេនៅបន្តបាន។
លោកលើកឡើងថា«ខ្ញុំគិតថាអ្នកចិញ្ចឹមជ្រូកទំាងអស់គួរងាកមកចិញ្ចឹមជ្រូកតាមលក្ខណៈបច្ចេកទេសនិងឧស្សាហកម្មទំនើប តែបើនៅតែចិញ្ចឹមលក្ខណៈគ្រួសារសម្រាប់ធ្វើអាជីវកម្ម មិនអាចទប់ទល់និងចរន្តតម្រូវការនិងថ្លៃដើមផលិតបានទេ ដោយសារវត្ថុធាតុដើមនាពេលបច្ចុប្បន្ននេះអត់មានចុះថ្លៃទេ ចំណីវាឡើងថ្លៃរហូត។ អ្នកដែលចង់មកប្រឡូកទាល់តែគិតអំពីការចិញ្ចឹមជ្រូកបែបទំនើប ខ្នាត់ធំដែលអាចរកទិញចំណីបានក្នុងតម្លៃប្រកួតប្រជែងបាន»៕
អត្ថបទ៖សារេត