ការលក់កាហ្វេតាមដងផ្លូវជាតិ កំពុងក្លាយជាមុខរបរពេញនិយមមួយហើយរកចំណូលបានខ្ពស់ របស់ពលរដ្ឋនៅតាមតំបន់

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្នគេសង្កេតឃើញប្រជាពលរដ្ឋបង្កើតមុខរបរលក់ដូរនៅតាមផ្លូវជាតិលេខ២ជាហូរហែរពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត ហើយនៅក្នុងនោះការលក់កាហ្វេកំពុងក្លាយជាមុខរបរពេញនិយមសំខាន់មួយនៅតាមតំបន់ទីប្រជុំជនដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបានខ្ពស់ ពោលក្រៅពីកាត់ចំណាយថ្លៃដើមនិងចំណាយប្រចំាខែមួយចំនួនផ្សេងៗនៅក្នុងគ្រួសារនៅអាចសន្សំបា្រក់ខ្លះៗបានថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា ឃន ដាលីន ប្រកបមុខរបរលក់កាហ្វេមានយីហោ«កាហ្វេស្រុកស្រែ»នៅភូមិគ្រំាងរអូច ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ បានឱ្យដឹងបន្ទាប់ពីចាប់ផ្តើមមុខរបរលក់កាហ្វេនៅឆ្នំា២០១៨ជាមួយដើមទុនជាង៤ពាន់ដុល្លារអាមេរិករហូតមកដល់សព្វថ្ងៃនេះទទួលបានការគំាំទ្រពីប្រជាពលរដ្ឋនៅក្នុងតំបន់និងអ្នកធ្វើដំណើរឆ្លងកាត់ចូលឈប់ទិញកាហ្វេពិសារជាហូរហែមិនចេះដាច់នៅក្នុងមួយថ្ងៃៗខណៈការលក់កាហ្វេមួយនេះកំពុងពេញនិយមបើកលក់តាមគ្នា។

កញ្ញា ឃន ដាលីន បានលើកឡើងថាការប្រកបមុខរបរលក់កាហ្វេក្នុងតំបន់នាពេលបច្ចុប្បន្នមានចំនួនច្រើនរីកដូចជាផ្សិត ពោលខុសប្លែកកាលពី៥ឆ្នំាមុនប្រជាពលរដ្ឋពួកគាត់មិនសូវជាស្គាល់និងមានការពេញនិយមតាមគ្នាដូចសព្វថ្ងៃនេះទេឃើញគេលក់ដាច់បានច្រើន ធ្វើឱ្យគាត់ចង់បើកលក់កាហ្វេដែរ។

កញ្ញា ឃន ដាលីន អាយុ២៧ឆ្នំានិងជាម្ចាស់កន្លែងលក់កាហ្វេយីហោ«កាហ្វេស្រុកស្រែ»១រូបនេះ បញ្ជាក់ថា«ខ្ញុំចាប់ផ្តើមមុខរបរលក់កាហ្វេតំាងពី២០១៨ រហូតមកដល់សព្វថ្ងៃនេះមានអ្នកគំាទ្រច្រើន ធ្វើឱ្យការលក់របស់ខ្ញុំមិនមានអ្វីជាបញ្ហាចោទនោះទេ ហើយកាហ្វេស្រុកស្រែក្រៅពីទទួលភ្ញៀវក្នុងតំបន់ នៅទទួលបានភ្ញៀវអ្នកធ្វើដំណើរឆ្លងកាត់ចូលឈប់ទិញកាហ្វេនិងភេសជ្ជៈជាហូរហែរនៅក្នុងមួយថ្ងៃៗ»។

បើតាមម្ចាស់ហាងលក់កាហ្វេយីហោខាងលើ មុនឈានមកដល់សម្រេចចិត្តបើកហាងលក់កាហ្វេ ដូចរាល់ថ្ងៃនេះ កញ្ញាក៏ធ្លាប់ធ្វើការ៤ទៅ៥ក្រុមហ៊ុននាពេលកន្លងមក។

កញ្ញា ដាលីនសង្កត់ធ្ងន់ថា«មូលហេតុដែលខ្ញុំដាក់ឈ្មោះយីហោ«កាហ្វេស្រុកស្រែ»ព្រោះខ្ញុំចង់លើកតម្កើងអក្សរសាស្ត្រជាតិ,ដើម្បីឱ្យភ្ញៀវងាយស្រួលចងចំា លើសពីនេះការលក់ដូររបស់យើងមានលក្ខណៈគ្រួសារខ្នាតតូចនៅតាមចិញ្ចើមផ្លូវបែបសាមញ្ញៗ ហើយផ្អែកទៅលើយីយោ«កាហ្វេស្រុកស្រែ»អស់រយៈពេល៥ឆ្នំា រហូតមកទល់សព្វថ្ងៃនេះអាចផ្តល់ឱកាសឱ្យយើងរកប្រាក់ចំណូលបានក្រោម១ពាន់ដុល្លារអាមេរិកនៅក្នុងមួយខែសម្រាប់សន្សំនិងផ្គត់ផ្គង់ដល់គ្រួសារ»។

ទន្ទឹមនិងប្រាក់ចំណូលបានមកពីការលក់កាហ្វេប្រចំាខែធ្វើឱ្យកញ្ញា ឃន ដាលីនពេញចិត្តក្នុងការទទួលយកនៅពេលខាងមុខកញ្ញាមានគម្រោងចង់ពង្រីកទីតំាងលក់កាហ្វេ១ថែមទៀត ដោយចាប់ផ្តើមពីតូចទៅធំ។

កញ្ញាលើកឡើងថា«កាលណាមានអ្នកដទៃចាប់ផ្តើមលក់កាហ្វេដូចយើងមានច្រើនកន្លែងយើងតែងបារម្ភ ហើយដើម្បីឱ្យមុខរបរអាចឈរជើងនឹងយើងត្រូវផ្តោតលើរសជាតិ តម្លៃ ហើយរក្សាភ្ញៀវចាស់ឱ្យបានល្អ និងព្យាយាមទាក់ទាញភ្ញៀវថ្មីឱ្យច្រើនថែមទៀត»។
តែបើទោះបីកញ្ញា ឃន ដាលីន ថាការបើករបរដោយខ្លួនពេលខ្លះត្រូវរងហានិភ័យ ពោលការលក់ដូរមិនសូវបានច្រើន ជាក់ស្តែងកាលឆ្នំាជំងឺកូវីដ១៩រីករាលដាលនៅកម្ពុជានិង នៅពេលរដូវភ្លៀង ខុសពីអ្នកធ្វើការនៅតាមក្រុមហ៊ុនមិនបារម្ភអំពីប្រាក់ចំណូលប្រចំាខែ៕

អត្ថបទ៖សារ៉េត