ក្រុមហ៊ុនបរទេសចំនួន ៥ បានចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ក្នុងនោះក៏មានក្រុមហ៊ុន Tiktok និង Microsoft ជាដើម។
ក្នុងកម្មវិធីពិសេសឡាយតាមអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ កាលកន្លងទៅលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ២០២២។
បើតាមមេពន្ធដាររូបនេះ ក្រុមហ៊ុនបរទេស សហគ្រាសចំនួន៥ ដែលបានមកចុះបញ្ជី ដែលក្នុងនោះរួមមាន៖ ១/ MICROSOFT REGIONAL SALES PTE.LTD ២/ ZOHO CORPORATION PTE.LTD ៣/ TATA CONSULTANCY SERVICE LIMITED ៤/ MASTERCARD ASIA/PACIFIC PTE.LTD និងទី៥/ TIKTOK PTE.LTD។
កម្មវិធីដ៏ល្បីល្បាញបំផុត TikTok ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនខ្នាតយក្សចិន ByteDance បាននិយាយនៅដើមខែមិថុនានេះថា ខ្លួននឹងធ្វើការបណ្តាក់ទុនរាប់ពាន់លានដុល្លារ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់រយ:ពេលប៉ុន្មានឆ្នាំខាងមុខ ព្រោះមើលឃើញពីទីផ្សារដ៏សំខាន់នៅក្នុងតំបន់នេះ ចំពេលកំពុងមានការត្រួតពិនិត្យជាសកលលើសុវត្ថិភាពទិន្នន័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
តំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនសរុប ៦៣០ លាននាក់ គឺជាទីផ្សារដ៏សំខាន់បំផុតមួយរបស់ TikTok ទាក់ទងទៅនឹងចំនួនអ្នកប្រើប្រាស់ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ បានកត់ត្រាថាមានអ្នកចូលទស្សនាកម្មវិធីរបស់ខ្លួន ច្រើនជាង ៣២៥ លាននាក់ ជារៀងរាល់ខែ៕