រឿងរ៉ាវពីការវាយគ្នាក្នុងទ្រុងរវាងមហាសេដ្ឋីអាមេរិក ២រូបគឺ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg នៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលប្រព័ន្ធអ៊ីនធឹណិតកំពុងយកមកជជែកគ្នាមិនដាច់ពីមាត់។
ក្រោយពីទទួលបានដំណឹងមួយនេះ ឪពុកម្ដាយរបស់មហាសេដ្ឋីមានបំផុតលើលោក ក៏បង្ហាញក្ដីបារម្ភ និងមានការជំទាស់ពីការវាយគ្នាមួយនេះ ពោលលោក Errol Musk ដែលជាឪពុកបានលើកឡើងថា ទោះជាលទ្ធផលនៃការប្រកួតគ្នាចេញមកបែបណា Elon Musk ច្បាស់ជាទទួលការរិះគន់ ១០០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Theregister។
លោក Errol បាននិយាយថា៖ បើសិនជា Elon វាយឈ្នះបុរសម្នាក់នោះ (Mark Zuckerberg) គ្រប់គ្នានឹងហៅ Elon ថាជាជន Bully ព្រោះតែគេមានមាឌធំជាង និងខ្ពស់ជាង តែបើសិនជាចាញ់វិញ គេនឹងទទួលបានការមើលងាយជាមិនខាន។ ការប្រកួតគ្នានេះ មិនមានផលចំណេញសោះ ចំពោះ Elon។
ដោយឡែក លោកស្រី Maye Musk ដែលជាម្ដាយ ក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter សុំឲ្យអ្នកគាំទ្របុគ្គលទាំង ២ កុំគាំទ្រដល់ការប្រកួតគ្នានេះ ហើយលោកស្រីក៏សំណូមពរឲ្យមានការឈ្លោះប្រកែកគ្នា ត្រឹមពាក្យសម្ដីបានហើយ កុំឈានដល់ការវាយគ្នាបែបនេះ ព្រោះតែបារម្ភពីកូនប្រុសរបស់លោកស្រី។
យ៉ាងណា បើតាមការអះអាងពីប្រធាន UFC លោក Dana White បានបញ្ជាក់ថា ទាំង Elon Musk និង Mark Zuckerberg សុទ្ធតែច្បាស់លាស់រៀងៗខ្លួន ចំពោះការវាយគ្នាក្នុងទ្រុង ខណៈបច្ចុប្បន្នមហាសេដ្ឋីទាំង ២រូបនេះ ក៏កំពុងមមាញឹកជាមួយការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ត្រៀមប្រកួតគ្នាផងដែរ៕