ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ដែលមានកុងត្រាធំបំផុតលើលោក Foxconn ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម សម្រាប់ការបណ្ដាក់ទុន ២៤៦លានដុល្លារ ទៅលើគម្រោងការណ៍ថ្មីស្រឡាង ២ នៅខេត្ត Quang Ninh ប្រទេសវៀតណាម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ទឹកប្រាក់ប្រហែល ២០០លានដុល្លារ នឹងវិនិយោគលើរោងចក្រផលិតឆ្នាំងសាករថយន្តអគ្គិសនី និងគ្រឿងបន្លាស់ផ្សេងៗ ខណៈកាលបរិច្ឆេទផលិត នឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៥ ជាមួយកម្លាំងពលកម្ម ១ ២០០នាក់។
រីឯទឹកប្រាក់ ៤៦លានដុល្លារទៀត គឺសម្រាប់រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងទូរគមនាគមន៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៤។
ជម្រាបបន្ថែមថា គ្រោងការណ៍ទាំង ២នេះ នឹងបន្ថែមទឹកប្រាក់ រហូតដល់ ៣ពាន់លានដុល្លារ ដែលក្រុមហ៊ុន Foxconn បានវិនិយោគនៅវៀតណាម រយៈពេលជិត ២ទសវត្សមកនេះ ខណៈបច្ចុប្បន្ន Foxconn កំពុងផ្ដោតសំខាន់លើការផលិត និងដំឡើងទូរគមនាគមន៍ ក៏ដូចជាគ្រឿងបន្លាស់រថយន្តអគ្គិសនី នៅប្រទេសវៀតណាម៕