ប្រាក់បាតថៃ បន្តធ្លាក់ចុះទាបរយ:ពេល ៧ខែជាប់ៗគ្នា

អន្តរជាតិ

ប្រាក់បាត់ថៃ​ (THB) បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយ:ពេល ៧ខែជាប់ៗគ្នា គិតនៅត្រឹមថ្ងៃទី ២៨ ខែមិថុនា ដោយសារតែមានភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅក្នុងប្រទេស កំពុងតែធ្វើឱ្យក្រុមវិនិយោគិនមានភាពស្ទាក់ស្ទើ ក្នុងការវិនិយោគ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញប្រាក់បាតរបស់ថៃ បានធ្លាក់ចុះប្រមាណ ០,៨% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មក ស្របពេលប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ ០,៣% , ប្រាក់ប៉េសូ របស់ហ្វីលីពីន ធ្លាក់ចុះ ០,២% និងប្រាក់ដុល្លារសិង្ហបុរី ធ្លាក់ចុះ ០,១%។

គួរឱ្យដឹងថាចំពោះការបន្តធ្លាក់ចុះនៃប្រាក់បាតនេះ គឺបានកើតឡើង ដោយសារតែមានការសង្ស័យថា តើបេក្ខភាពបនាំមុខគេរបស់ប្រទេសថៃ អាចនឹងទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងសម័យប្រជុំដំបូងរបស់សភាថ្មី នៅសប្តាហ៍ក្រោយនេះ បានដែរឬយ៉ាងណា។

មិនតែប៉ុណ្ណោះ លោក Poon Panichpibool អ្នកយុទ្ធសាស្រ្តទីផ្សាររបស់ធនាគារក្រុងថៃ បាននិយាយថា វាហាក់ដូចជាមានភាពមិនចុះសម្រុងខ្លះ រវាងគណបក្សភឿថៃ និងគណបក្សឈ្នះឆ្នោត ឆ្ពោះទៅមុខ ជុំវិញតំណែងប្រធានសភា ដែលនាំឱ្យឈានទៅដល់មានភាពមិនច្បាស់លាស់ អំពីការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សទាំងពីរ ។

លើសពីនេះ លោក Poon បានបន្ថែមទៀតថា ជុំវិញបញ្ហាទាំងនេះហើយ វាអាចនឹងបង្កឱ្យតម្លៃនៃបាតថៃ នៅក្នុងខែកក្កដាខាងមុខនេះ នឹងប្រឈមមុខជាមួយនឹងការធ្លាក់ចុះបន្ថែមទៀត ៕