កាលពីពេលថ្មីៗនេះ ស្ថាបនិក្រុមហ៊ុន Alibaba មហាសេដ្ឋីចិន Jack Ma បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេប៉ាល់ បន្ទាប់ពីទៅដល់ប្រទេសនៅអាស៊ីខាងត្បូង កាលពីថ្ងៃទី ២៧ មិថុនា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Khabarhub។
ប្រភពដដែលបានបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះ គឺត្រូវបានគេដឹងថាជា “ដំណើរទស្សនកិច្ចពាណិជ្ជកម្ម” ប៉ុន្តែមិនមានព័ត៌មានលំអិតណាបញ្ជាក់ច្បាស់លាស់ឡើយ គ្រាន់តែដឹងថា មហាសេដ្ឋីចិនបានស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ Pushpa Kamal Dahal និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Prakash Sharan Mahat។
គួររំលឹកថា មន្ត្រីជាន់ខ្ពស់នេប៉ាល់មួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានថា ព័ត៌មានទាក់ទងនឹងការមកដល់របស់ Jack Ma គឺជារឿងសំងាត់ ដោយដឹងតែមន្ត្រីជាន់ខ្ពស់ប៉ុន្មានរូបប៉ុណ្ណោះ។
ជម្រាបបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅនេប៉ាល់ មហាសេដ្ឋី Jack Ma បានបន្តធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ជាមួយក្រុមការងារដែលមានមនុស្ស ៧ នាក់ប៉ុណ្ណោះ៕