នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ បានជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
ថ្លែងនៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញនូវសេចក្តីការណ៍ពិសេស ដែលមានចំនួន៧ទំព័រ ទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ អនុវត្តសេចក្ដីសម្រេចនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំ នឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនឃោសនាបោះឆ្នោតក៏ត្រូវបានចាប់ផ្ដើមដង្ហែជាបន្តបន្ទាប់តាមផ្លូវគោលដៅដែលបានកំណត់ក្នុងទីក្រុងភ្នំពេញប្រកបដោយបរិយាកាសរីករាយបំផុត។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ៕