តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងលើសពី ៣ទ្រីលានដុល្លារ សារជាថ្មីម្តងទៀត បន្ទាប់ពីបិទការជួញដូរចុងក្រោយ កាលពីថ្ងៃសុក្រ នៅពេលដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ បន្តកើបប្រាក់ចំណេញបានយ៉ាងច្រើនសម្បើមពីការលក់ផលិតផលរបស់ខ្លួន។
តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ជាងមុន ២,៣% នៅក្នុងតម្លៃ ១៩៣,៩៧ដុល្លារ ក្នុងមួយហ៊ុន នៅពេលបិទទីផ្សារជួញដូរចុងក្រោយកាលពីថ្ងៃសុក្រ ដែលនាំឱ្យតម្លៃទីផ្សាររបស់ខ្លួន ឡើងដល់ ៣,០៤ទ្រីលានដុល្លារ។
គួរឱ្យដឹងផងដែរថា តម្លៃទីផ្សាររបស់ Apple ធ្លាប់បានហក់ឡើងដល់កម្រិតកំពូល លើសពី ៣ទ្រីលានដុល្លារ ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ប៉ុន្តែមិនអាចរក្សាបាននូវតួលេខនេះឡើយ នៅពេលបិទទីផ្សារជួញដូរចុងក្រោយ ។
បច្ចុប្បន្ននេះ ក្រៅតែពីក្រុមហ៊ុន Apple មានតែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកចំនួន ៤ ផ្សេងទៀតប៉ុណ្ណោះ ដូចជា Google របស់ Alphabet, Microsoft, Amazon និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia Corp ដែលមានតម្លៃទីផ្សារលើសពី ១ទ្រីលានដុល្លារ ។
ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ Apple បានកើនឡើងជិត ៤៨% នៅឆ្នាំនេះ នៅពេលដែលពួកគេបានដាក់បង្ហាញនូវផលិតផលធំថ្មីរបស់ខ្លួន គឺ Vision Pro។ ខណ:ពេលជាមួយគ្នានោះ ក្រុមហ៊ុន Telsa និង Meta Platforms ឯណោះវិញ ក៏បានមើលឃើញតម្លៃទីផ្សាររបស់ខ្លួន កើនឡើងជាងទ្វេដងផងដែរ នៅឆ្នាំនេះ៕