ឧកញ៉ា តែ តាំងប៉ អំពាវនាវឱ្យឧកញ៉ាទាំងអស់ មកកាត់ឯកសណ្ឋានផ្លូវការ ដើម្បីរក្សាតម្លៃងារជាឧកញ៉ា

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានធ្វើការអំពាវដល់ឧកញ៉ា និងអ្នកឧកញ៉ាទាំងអស់ មកចូលរួមកាត់ ឯកសណ្ឋាន និងសម្លៀកបំពាក់ជាផ្លូវការ ដើម្បីរក្សាតម្លៃគោរពងារឧកញ៉ានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញពីលោកឧកញ៉ា តែ តាំងប៉ ត្រូវបានធ្វើឡើងក្រោយទទួលបានការណែនាំពីសម្តេចក្រឡាហោម ស ខេង ដែលជាប្រធានកិត្តយសនៃសមាគមឱ្យធ្វើការរៀបចំកាត់សំលៀកបំពាក់គោរមងារឱ្យបានត្រឹមត្រូវ សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា កាលពីថ្ងៃទីទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដោយយោងតាមអនុក្រឹតលេខ ២២៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងរឿងនេះ លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា ក្រោយបានចូលជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជារួចមក រូបលោកទទួលបានសិទ្ធឱ្យរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាជាផ្លូវការ។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថា៖« ចំពោះឯកសណ្ឌានឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ជាផ្លូវការពីសាលារចនា ក្រសួងវប្បធម៌ ក្រសួងមហាផ្ទៃ និងទទួលបានអនុក្រឹត្យពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយមកដល់ពេលនេះយើងបានរៀបចំកាត់ឯកសណ្ឋានដល់ឧកញ៉ា និងអ្នកឧកញ៉ាបានចំនួន៣៥០រូបហើយ ដោយមួយឯកសណ្ឋានក្នុងតម្លៃ៦០០ដុល្លារ ព្រមទាំងស័ក្តិ»។

ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ អះអាងទៀតថា រាល់ការរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជានេះ គឺមិនមានការបង្ខិតបង្ខំនោះឡើយ ប៉ុន្តែការកាត់នេះ ពោលគឺសំដៅជាតំណាងឱ្យជាតិ និងរក្សាតម្លៃគោរពងារ កុំឱ្យមានការក្លែងបន្លំ ពិសេសកុំឱ្យមានការវាយតម្លៃណាមួយមកកាន់ងារជាឧកញ៉ា និងអ្នកឧកញ៉ា នៅកម្ពុជា។

ហេតុនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ លោកឧកញ៉ា តែ តាំងប៉ បានធ្វើការអំពាវនាវដល់ឧកញ៉ាៗទាំងអស់មកកាត់ឯកសណ្ឋានឧកញ៉ាឱ្យបានគ្រប់ៗគ្នា ជៀសវៀងការលួចបន្លំកាត់ដោយខ្លួនឯង និងនៅកន្លែងណាមួយដែលមិនស្របច្បាប់ ដើម្បីមានឱកាសចូលរួមក្នុងកម្មវិធីបុណ្យជាតិនានា ពិសេសរក្សាតម្លៃងារជាឧកញ៉ាឱ្យកាន់តែខ្លាំងថែមទៀត។

សូមរម្លឹកដែរថា កាលទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់សមាគម ឱ្យធ្វើការរៀបកាត់ និងបំពាក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ដើម្បីឱ្យមានការស្លៀកពាក់ឯកសណ្ឋានមានការឯកភាពគ្នាស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សម្តេចក្រឡាហោម បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត៕