ថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការអនុម័តទៅលើគម្រោងធំៗចំនួនពីរ ដែលមានតម្លៃប្រមាណ ១,១ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសឥណ្ឌូនេស៊ី បង្កើនលទ្ធភាពក្នុងការទទួលបានប្រភពថាមពលអគ្គិសនីស្អាតជាងមុន និងពង្រឹងបន្ថែមទៅលើប្រព័ន្ធថែទាំសុខភាព ។ នេះបើតាមការចុះផ្សាយពី VNA ។
ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់គម្រោងទី ១ ដែលមានតម្លៃប្រមាណ ៥០០លានដុល្លារ នឹងជួយដល់ឥណ្ឌូនេស៊ី ក្នុងការបង្កើនការវិនិយោគទៅលើថាមពលពន្លឺព្រះអាទិត្យ និងជួយដល់ក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋ PLN Persero បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផ្លាស់ប្តូរប្រភពថាមពល ផងដែរ ។
មិនតែប៉ុណ្ណោះ លោក Manuela V. Ferro អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និប៉ាស៊ីហ្វិក បាននិយាយថា គម្រោងនេះ នឹងត្រូវប្រមូលហិរញ្ញវត្ថុពីវិស័យឯកជន សម្រាប់ការផ្លាស់ប្តូរប្រភពថាមពលរបស់ឥណ្ឌូនេស៊ី និងជួយដល់សហគមន៍សម្របខ្លួន ទៅនឹងបម្រែបម្រួលអាកាសធាតុ។
យ៉ាងណាមិញ សម្រាប់គម្រោងទី ២ ដែលទើបនឹងត្រូវបានអនុម័តដោយធនាគារពិភពលោក សម្រាប់ប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះដែរនោះ គឺជាជំនួយឥតសំណងចំនួន ៦០០លានដុល្លារ ដើម្បីជួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ទប់ស្កាត់បញ្ហាក្រិន របស់កុមារ ។
ជម្រាបជូនផងដែរថា បើតាមការស្ទង់មតិរបស់រដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ប្រហែល ២១% នៃកុមារឥណ្ឌូនេស៊ី អាយុក្រោម ៥ ឆ្នាំ គឺមានបញ្ហាក្រិន ហើយរដ្ឋាភិបាលកំពុងមានគោលបំណង កាត់បន្ថយឱ្យមកនៅត្រឹម ១៤% នៅឆ្នាំ ២០២៤ ខាងមុខ៕