ហ្វីលីពីន ទិញចូលអង្ករពីវៀតណាម ក្នុងតម្លៃជិត ៨០០លានដុល្លារ ត្រឹម ៥ខែដំបូង ឆ្នាំនេះ

អន្តរជាតិ

យោងតាមការចុះផ្សាយពី VN Express បានបង្ហាញឱ្យដឹងថា វៀតណាម នៅតែបន្តជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុត ដល់ប្រទេសហ្វីលីពីន ក្នុងរយ:ពេល ៥ខែដំបូង ឆ្នាំ ២០២៣ នេះ ក្នុងតម្លៃ ៧៧២,៤លានដុល្លារ ពោលគឺបានកើនឡើង ៣១,១% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងខែមករា ដល់ខែឧសភា ហ្វីលីពីន បាននាំចូលអង្ករសរុបពីប្រទេសវៀតណាម ចំនួន ១,៥ លានតោន ដែលស្មើទៅនឹង ៩០% នៃការនាំចូលសរុបរបស់ខ្លួន។ នេះបើយោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក ដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មហ្វីលីពីន បានបង្ហាញកាលពីពេលថ្មីៗនេះ។

គួរឱ្យដឹងទៀតផងដែរថា ការនាំចេញអង្កររបស់វៀតណាម ទៅកាន់ប្រទេសហ្វីលីពីន នៅតែត្រូវបានគេព្យាករថានឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ និងបាតុភូតរាំងស្ងួត El Nino ដែលធ្វើឱ្យផលិតកម្មស្បៀងអាហារនៅហ្វីលីពីន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ជម្រាបជូនថា ក្នុងរយ:ពេល ៥ ខែដំបូង ឆ្នាំនេះ វៀតណាម បានធ្វើការនាំចេញអង្ករសរុបចំនួន ៣,៦ លានតោន ដោយក្នុងនោះហ្វីលីពីនមានចំណែកទីផ្សារដល់ទៅ ៤២,៣% ខណ:ពេលដែលឥណ្ឌូនេស៊ី និងប្រទេសនៅអាស៊ីផ្សេងទៀត ក៏កំពុងបង្កើនការទិញចូលអង្ករពីវៀតណាម ផងដែរ ដោយសារតែការថយចុះនៃការផ្គត់ផ្គង់ក្នុងស្រុក ៕