ក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្តចំនួន៧ នៅតែគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ខណៈត្រឹមតែសប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា ភ្ញៀវទេសចរចេញដើរលេងនៅក្នុងខេត្តទាំងនោះ រហូតជាង៣០ម៉ឺននាក់។
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។
ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។ ដោយក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់, ខេត្តបាត់ដំបង ៤២,៤៧៣នាក់, ខេត្តសៀមរាប ៣១,៦៣៤នាក់, រាជធានីភ្នំពេញ ៣១,៤២៤នាក់,ខេត្តកំពត ២៨,៨៥១នាក់, ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់, ខេត្តកែប ១២,៣២៦នាក់។
សូមបញ្ជាក់ដែរថា បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ លើសពីនេះ បើសរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ ពិសី