មហាសេដ្ឋីវ័យក្មេង ដែលចាប់ផ្តើមរកស៊ីពីបាតដៃទទេ លោក Austin Russell ផ្ដល់ដំបូន្មានដល់យុវវ័យជំនាន់ក្រោយឱ្យបោះបង់ការសិក្សានៅមហាវិទ្យាល័យ។ ដោយអះអាងថា ការរៀនសូត្រនៅមហាវិទ្យាល័យ មិនមែនជាមធ្យោបាយកំណត់គោលដៅជីវិតមនុស្សគ្រប់គ្នាឡើយ។
យោងតាមបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន CNBC Make It មហាសេដ្ឋីវ័យ ២៨ឆ្នាំលោក Austin Aussell លើកឡើងថា៖ បើសិនជាអ្នកមានចាប់ផ្ដើមឆ្ងល់ថា តើអ្នកគួរតែបោះបង់ការសិក្សាដែរទេ? អ្នកធ្វើវាចុះ ព្រោះបើអ្នកនៅតែមានគំនិតបែបនេះ វាគង់តែកើតឡើងដដែល ដូច្នេះយកពេលវេលាមកធ្វើអ្វីដែលមានប្រយោជន៍ឱ្យហើយទៅ។
ស្ថាបនិកក្រុមហ៊ុន Luminar Technologies រូបនេះ បានបន្ថែមទៀតថា ការសិក្សានៅមហាវិទ្យាល័យមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ វាគ្រាន់តែជាគំនិតចាស់បុរាណ ដែលកំណត់ឲ្យគ្រប់គ្នាធ្វើប៉ុណ្ណោះ។ បច្ចុប្បន្ន គ្រប់ព័ត៌មានទាំងអស់ស្ថិតនៅលើម្រាមដៃយើង និងមាននៅលើអ៊ីនធឺណិត ខុសគ្នាកាលពី ៥០ឆ្នាំមុន ដែលតម្រូវឱ្យគ្រប់គ្នាត្រូវតែរៀននៅមហាវិទ្យាល័យ។
សូមជម្រាបបន្តិចថា មហាសេដ្ឋី Austin Russell បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ Stanford University កាលពីឆ្នាំ ២០១២ និងចាប់ផ្ដើមបង្កើតអាជីវកម្មលើវិស័យបច្ចេកវិទ្យា គឺក្រុមហ៊ុន Luminar Technologies ខណៈបច្ចុប្បន្នមហាសេដ្ឋីវ័យ ២៨ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ១,៦ពាន់លានដុល្លារ៕