ឧកញ៉ា ភូ ចាន់ដារិទ្ធ អគ្គនាយកក្រុមហ៊ុន PCDR Co., Ltd និងជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ SR Real Estate បានបង្ហើបឱ្យដឹងពីគន្លឹះសំខាន់ខ្លះៗ ក្នុងការធ្វើអាជីវកម្មឱ្យទទួលបានជោគជ័យ។ ក្រោយប្រឡូកក្នុងអាជីវកម្មផ្ទាល់ខ្លួន អស់រយៈពេលជិត ២០ឆ្នាំ លោកឧកញ៉ា សូមផ្តាំផ្ញើថា ធ្វើអ្វីក៏ដោយត្រូវមានផែនការច្បាស់លាស់មួយ មានគោលដៅមួយពិតប្រាកដ ហើយរាល់ការងារអាជីវកម្មទាំងអស់ ផ្តោតមុនគេ គឺ «គុណភាព»។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ ឧកញ៉ា ភូ ចាន់ដារិទ្ធ បានឱ្យដឹងថា ការប្រកបអាជីវកម្មរបស់លោក ដំបូងឡើយគឺផ្នែកខាង Credit Operator (ប្រាក់កម្ចីជនបទ)។ បន្ទាប់មកនៅឆ្នាំ២០១៦ លោកចាប់ផ្តើមធ្វើជាអ្នកអភិវឌ្ឍន៍លំនៅឋាន ដោយបង្កើតក្រុមហ៊ុនអចលនទ្រព្យ SR Real Estate សង់ផ្ទះល្វែងលក់នៅផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ រហូតដល់ឆ្នាំ២០២១ លោកឧកញ៉ា បានបើកក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន PCDR Co., Ltd ដែលជាក្រុមហ៊ុននាំចូលបរិក្ខាសុខាភិបាល និងឱសថធម្មជាតិ ហេនខ្យួរ (HENP Cure)។
លោកឧកញ៉ា បានបន្តយ៉ាងដូច្នេះថា៖ “ចំពោះការប្រឡូកក្នុងអាជីវកម្ម គឺខ្ញុំបានប្រឡូកអស់រយៈពេលជិត ២០ឆ្នាំមកហើយ ហើយតែងតែបង្កើតក្រុមហ៊ុនខ្លួនឯងជានិច្ច តាំងពីដំបូងមក ព្រោះខ្ញុំចូលចិត្តសហគ្រិនភាព។ អ្វីដែលជាបទពិសោធន៍ គឺធ្វើកិច្ចការអ្វីក៏ដោយ យើងត្រូវមានផែនការច្បាស់លាស់មួយ ហើយគោលដៅមួយពិតប្រាកដ មិនអាចធ្វើលំៗតែមួយគ្រាៗនោះទេ។ រាល់កិច្ចការដែលខ្ញុំធ្វើ គឺតែងតែមានផែនការមួយច្បាស់លាស់ ហើយយើងផ្តោត ខំប្រឹង តស៊ូ និងមិនបោះបង់ ហើយរាល់ការងារអាជីវកម្មទាំងអស់ ផ្តោតមុនគេ គឺគុណភាព”។
សូមជម្រាបជូនថា លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ជាឧកញ៉ាវ័យក្មេងមួយរូប កំពុងប្រកបមុខជំនួញលើពហុវិស័យ និងមានតួនាទីជាច្រើនក្នុងការងារសង្គមផ្សេងទៀតផងដែរដូចជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជា សមាជិកសមាគមឧកញ៉ាកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែងប្រកបមុខជំនួញជាច្រើនឆ្នាំ ព្រមទាំងការចូលរួមកិច្ចការងារជួយសង្គមជាច្រើនផងនោះ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕