ក្រុមហ៊ុន Airports of Thailand Public Company Limited (AOT) បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងធ្វើការបោះទុនវិនិយោគទឹកប្រាក់ចំនួន ១០០ពាន់លានបាត (២,៨ពាន់លានដុល្លារ) ក្នុងការពង្រីកព្រលានយន្តហោះអន្តរជាតិធំៗ ចំនួន ៦ របស់ខ្លួន ក្នុងប្រទេសថៃ សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ។ នេះបើតាមចុះផ្សាយពី VNA ។
ជុំវិញផែនការក្នុងការវិនិយោគថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរមកកាន់ប្រទេសថៃ ដែលត្រូវបានគេព្យាករថា អាចនឹងកើនឡើងដល់ ២០០ លាននាក់ នៅក្នុងឆ្នាំ ២០២៧ ខាងមុខ។
យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិទាំង ៦ របស់ថៃ ត្រូវបានគេរាយការណ៍មកថា បានទទួលស្វាគមន៍អ្នកដំណើរជាមធ្យម ៣០០ ០០០ នាក់ ជារៀងរាល់ថ្ងៃ ពោលគឺស្មើទៅនឹងប្រមាណ ៧៦,៥% ពីកម្រិតអ្នកដំណើរ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
យោងតាមនាយកប្រតិបត្តិរបស់ AOT លោក Kirati Kitmanawat បាននិយាយថា គម្រោងក្នុងការពង្រីកនេះ នឹងត្រូវបានផ្តល់មូលនិធិដោយ ប្រាក់ចំណូល ដែលរដ្ឋាភិបាលទទួលបានពីការមកដល់របស់ភ្ញៀវទេសចរបរទេស ក្នុងរយ:ពេល ៦ ខែដំបូងឆ្នាំ ២០២៣ នេះ ដែលកើនឡើងរហូតដល់ ២,២ពាន់លានបាត ។
ជម្រាបជូនផងដែរថា តាមរយ:គម្រោងពង្រីកថ្មីនេះ ក៏នឹងរួមបញ្ចូលទាំងការបង្កើតស្ថានីយអ្នកដំណើរថ្មីមួយ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលនឹងអាចបន្ថែមទំហំ ២១៦ ០០០ ម៉ែត្រការ៉េ និងបង្កើតច្រកចូលយន្តហោះ ចំនួន ២៨ បន្ថែម ដែលអាចផ្ទុកអ្នកដំណើរបានប្រហែល ១៥ លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ។ ខណ:ចំណតអ្នកដំណើរថ្មី ក៏នឹងត្រូវសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ និងភូកេត ផងដែរ ៕