លោក Wan Muhamad Noor Matha ធ្លាប់ហែលឆ្លងកាត់ឆាកនយោបាយជាច្រើន មុនក្លាយជាប្រធាសភាថ្មីរបស់ថៃ

អន្តរជាតិ

ថ្មីៗនេះ គណបក្សធំៗពីររបស់ថៃ ដែលបានយកឈ្នះសំឡេងឆ្នោតភាគច្រើន ក្នុងការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅ បានឈានដល់ការព្រមព្រៀងគ្នា ក្នុងការតែងតាំងប្រធានសភាថ្មី គឺអ្នកនយោបាយជើងចាស់ លោក Wan Muhamad Noor Matha ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wan Muhamad Noor Matha ត្រូវបានគេមើលឃើញថាជាបេក្ខភាពតែម្នាក់គត់ ដែលត្រូវបានស្នើឡើងធ្វើជាប្រធានសភាថ្មីរបស់ថៃ ខណ:បេក្ខភាពអនុប្រធានសភាទី១ នឹងត្រូវប្រគល់ជូនសមាជិកគណបក្សឆ្ពោះទៅមុខ ១រូប និងអនុប្រធានសភាទី២ នឹងផ្តល់ជូនសមាជិកគណបក្សភឿថៃ ១រូប។

គួរឱ្យដឹងថា លោក Wan Muhamad Noor Matha បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់មួយរូប មកពីខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ហើយលោកក៏ជាមេដឹកនាំគណបក្ស Prachachat ដែលបានចូលរួមជាមួយក្រុមចម្រុះ របស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ។

ជុំវិញការឡើងកាន់តំណែងជាប្រធានសភាថ្មីនេះ តើលោក Wan Muhamad Noor Matha មានប្រវត្តិការងារបែបណាខ្លះ?

លោក Wan Muhamad Noor Matha បានកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៤៤ នៅខែយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ ដោយលោក Wan Muhamad បច្ចុប្បន្នគឺជាមេដឹកនាំរបស់គណបក្ស Prachachat និងជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលធ្លាប់ជាប់ជាតំណាងរាស្រ្តក្នុងសភាចំនួន ៩ លើករួចមកហើយ ។

លោក Wan Muhamad បានចាប់ផ្តើមការងារដំបូងជាគ្រូបង្រៀន នៅខេត្ត Naratthiwat តាំងពីអាយុ ២០ ឆ្នាំ មុនពេលផ្លាស់ទៅធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យ Songkhla (បច្ចុប្បន្នគឺសាកលវិទ្យាល័យ Songkhla Rajabhat) ក្នុងឆ្នាំ ១៩៧៥ ។

ចំពោះឆាកនយោបាយ លោក Wan Muhamad បានចាប់ឆ្នោតធ្វើជាតំណាងរាស្រ្តថៃ នៅឆ្នាំ ១៩៧៩ ដោយតំណាងឱ្យខេត្តយ៉ាឡា និងគណបក្សសកម្មភាពសង្គម រហូតដល់ឆ្នាំ ១៩៨៤។ លុះដល់ឆ្នាំ ១៩៨៦ លោកបានផ្លាស់ទៅចូលរួមគណបក្សប្រជាធិបតេយ្យ រួចបន្តទៅចូលរួមគណបក្សសាមគ្គី នៅឆ្នាំ ១៩៨៨ និងទៅគណបក្សក្តីប្រាថ្នាថ្មី (New Aspiration Party) នៅឆ្នាំ ១៩៩២។

មិនតែប៉ុណ្ណោះ លោក Wan Muhamad ក៏ជាស្ថាបនិកអង្គការមួយឈ្មោះថា Wahdah Group ដែលជាអង្គការប្រមូលផ្តុំអ្នកនយោបាយមូស្លីម មកពីខេត្តភាគខាងត្បូងប្រទេសថៃ ដូចជា Narathiwat, Pattani និងយ៉ាឡា ។

នៅឆ្នាំ ១៩៨០ លោក Wan Muhamad បានចូលទៅធ្វើការនៅក្នុងក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្ម។ ហើយពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ លោក ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានរដ្ឋសភា ចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៩៦ ដល់ខែមិថុនា ឆ្នាំ ២០០០ ។

ក្រោយមកទៀត នៅពេលដែលគណបក្ស New Aspiration Party ត្រូវបានរំលាយ និងត្រូវរួមបញ្ចូលគ្នាជាមួយគណបក្ស Thai Rak Thai ក្នុងឆ្នាំ ២០០១ លោក Wan Muhamad បានក្លាយជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនង ហើយបន្តក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងខែតុលា ឆ្នាំ ២០០២៕