បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ម្នាក់អះអាងថា អាចរក្សាសន្តិភាពជាមួយចិន បើសិនជាប់ឆ្នោត

អន្តរជាតិ

នាថ្ងៃទី ០៥ ខែកក្កដានេះ លោក William Lai បេក្ខភាពប្រធានាធិបតីតៃវ៉ាន់​ដែល​កំពុងទទួល​បាន​ការ​គាំទ្រខ្លាំង បានប្រាប់ទៅកាន់សារព័ត៌មាន Wall Street Journal ថា លោកអាចរក្សាសន្តិភាព​ជាមួយប្រទេសចិនបាន បើសិនជាលោកជាប់ឆ្នោត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេក្ខភាព និងជា​អនុប្រធានាធិបតីតៃវ៉ាន់ម្នាក់នេះ គឺកំពុងតំណាងឲ្យគណបក្សប្រជាធិបតេយ្យ​រីកចម្រើន (DPP) កំពុងទទួលបានសម្លេងគាំទ្រ​ភាគច្រើន ផ្អែកតាមការស្ទង់មតិ មុនការបោះឆ្នោត​នាខែមករាខាងមុខ ស្របពេលប្រធានាធិបតី Tsai Ing-wen មិនអាចឈរឈ្មោះម្តងទៀតបានទេ បន្ទាប់ពីកាន់តំណែងពីរអាណត្តិ។

នៅក្នុងអត្ថបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានការប្រឈមផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិន រួមទាំងការលុកលុយតាមអាកាសស្ទើរតែរាល់ថ្ងៃរបស់ចិននៅជិតកោះនេះក៏ដោយ ក៏អាទិភាពកំពូលរបស់លោកនៅតែមានលក្ខណៈជាក់ស្តែង និងស្ថិរភាព។

អនុប្រធានាធិបតីវ័យ ៦៣ឆ្នាំរូបនេះនិយាយថា៖ ខ្ញុំនឹងគាំទ្រចំពោះគោលនយោបាយឆ្លង​សមុទ្រ ដែលវា​នឹងផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ប្រទេសទាំង ២ ទាំង​សាធារណរដ្ឋ​ចិន ដូច​ជា​តៃវ៉ាន់​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវ​ការ និង​សហគមន៍​អន្តរជាតិ។ ខ្ញុំនឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយដៃគូ និងសម្ព័ន្ធមិត្ត ជាពិសេសក្នុងការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធកម្លាំង ការការពារស៊ីវិល និងការចែករំលែកព័ត៌មាន។

សូមជម្រាបដែរថា បើទោះជាលោក Lai អះអាងថាអាចរក្សាសន្តិភាពជាមួយចិនក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ ២០១៨ លោកធ្លាប់​ធ្វើឲ្យ​ចិន​មានការ​ខឹងសម្បារជាខ្លាំង អំឡុងពេលលោក​កាន់​តំណែងជា​នាយករដ្ឋមន្ត្រី ដែលគ្រានោះលោកបានបង្ហាញជំហរថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យអធិបតេយ្យភាព ខណៈការលើកឡើងបែបនេះ គឺជាជ្រុងរសើបបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង៕