នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយនាថ្ងៃទី ០៥ ខែកក្កដានេះថា វាគឺជារឿងដែលមិនអាចទទួលបានទាល់តែសោះ ដែលហុងកុងបានដាក់ប្រាក់រង្វាន់លើជនជាតិអូស្ត្រាលី ២រូប ក្នុងចំណោមសកម្មជន ៨នាក់ដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី ០៤ ខែកក្កដានេះ នាយកប្រតិបត្តិក្រុងហុងកុង លោក John Lee បាននិយាយថា សកម្មជន ៨នាក់ដែលកំពុងរស់នៅក្រៅប្រទេស កំពុងត្រូវបាន “តាមរកអស់មួយជីវិត” បន្ទាប់ពីទទួលបានដីកាតាមចាប់ខ្លួន ក្រោយរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិ។
បន្ថែមពីនោះ ប៉ូលិសហុងកុងហ៊ានផ្ដល់ប្រាក់រង្វាន់ ១លានដុល្លារហុងកុង ឬប្រហែល ១២៧ ៦៥៦ដុល្លារ សម្រាប់ព័ត៌មានដែលអាចឈានដល់ការចាប់ខ្លួនបុគ្គលទាំង ៨រូប ដែលក្នុងនោះរួមមានមេធាវីជនជាតិអូស្ត្រាលី Kevin Yam និងអតីតសមាជិកសភាហុងកុង Ted Hui ដែលបានមករស់នៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ២០២១។
ដោយឡែក នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា៖ វាគឺជារឿងមិនអាចទទួលយកបានឡើយ។ ពួកយើងនឹងបន្តធ្វើការជាមួយចិនតាមដែលអាចធ្វើទៅបាន និងប្រឆាំងចំពោះបញ្ហាសិទ្ធមនុស្សជាដាច់ខាត។
ជម្រាបដែរថា សកម្មជនហុងកុងត្រូវបានចោទប្រកាន់ពីបទស្នើឱ្យមហាអំណាចបរទេស ដាក់ទណ្ឌកម្មលើហុងកុង និងចិន ហើយត្រូវបានរដ្ឋាភិបាលតាមចាប់ខ្លួន នៅក្រោមច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំងបានដាក់លើអតីតអាណានិគមអង់គ្លេសក្នុងឆ្នាំ ២០២០៕