អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយកាលពីថ្ងៃអង្គារ ទី ០៤ ខែកក្កដាថា គិតតាំងពីដើមឆ្នាំ មកត្រឹមខែកក្កដានេះ រុស្ស៊ីទទួលបានកងទ័ពថ្មីចំនួន ១៨៥ ០០០នាក់ ដែលបានចូលរួមជាមួយកងកម្លាំងយោធា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ដោយឡែក មនុស្សជំនិតពូទីនម្នាក់នេះបាននិយាយថា៖ យោងតាមរបាយការណ៍ពីក្រសួងការពារជាតិបានបង្ហាញថា ពីខែមករា ដល់ថ្ងៃទី ០៤ កក្កដារនេះ មានមនុស្សច្រើនជាង ១៨៥ ០០០នាក់ ត្រូវបានទទួលចូលជួរនៃកងកម្លាំងប្រដាប់អាវុធ ដែលក្នុងនោះប្រហែល ១០៩ ០០០នាក់ស្ថិតនៅក្នុងបម្រុងនៅឡើយ។
គួររំលឹកដែរថា កាលពីឆ្នាំទៅរុស្ស៊ីធ្លាប់បង្ហើបពីគម្រោងបង្កើនចំនួនកងទ័ពរបស់ខ្លួន ឲ្យបានច្រើនជាង ៣០% ពោលគ្រោងបង្កើនចំនួនកងប្រដាប់អាវុធឲ្យដល់ ១,៥លាននាក់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយកងទាហានអ៊ុយក្រែន។
គួររំលឹកដែរថា កាលពីខែមុន សមាជិកសភាជាន់ខ្ពស់ម្នាក់បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ី ព្យាយាមបង្កើនចំនួនកងទ័ពឲ្យដល់ ៧លាននាក់ បន្ទាប់ពីពួកគេជួបប្រទះការបះបោរយ៉ាងធំមួយ ក៏ដូចជាលើកហេតុផលថា រុស្ស៊ីមិនគួរជួលទាហានស៊ីឈ្នួល មកធ្វើការក្នុងជួរកងទ័ពឡើយ៕