នាយកដ្ឋានកណ្តាលសន្តិសុខ បានធ្វើការក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្ន និងសូមចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនពីកុំឱ្យរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬការចងការខុសច្បាប់ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការដែលគ្មានច្បាប់អនុញ្ញាត។
នាយកដ្ឋានកណ្តាលសន្តិសុខ បានប្រកាសនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណី ការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញ ជាដើម។
នាយកដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ថា តាមការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យមួយចំនួន កម្ចីទាំងនោះ ត្រូវបានសង្ស័យថាជាការផ្ដល់កម្ចីខុសច្បាប់ ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការដែលគ្មានច្បាប់អនុញ្ញាត។ សញ្ញាណទាំងនោះរួមមាន៖ ក្រុមនេះមិនមានទីតាំងច្បាស់លាស់ ឬព្យាយាមលាក់បាំងអាសយដ្ឋានកន្លែងរបស់ពួកគេ ,គ្មានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់ , មានការកាត់ប្រាក់ជាមុន ដោយថាជាសេវាផ្សេងៗ (ខ្ចី ១០០$ បានតែ ៨០$ ឬ ទទួលបានប្រាក់ ៨០$ តែធ្វើលិខិតខ្ចី ១០០$), និងអាចមានការទាមទារឱ្យដាក់តម្កល់ជាមួយពួកគេនូវឯកសារច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឱ្យថតរូបទុកជាភស្តុតាង ឬការសរសេរសែក (មូលប្បទានប័ត្រ)។
ជាមួយគ្នានេះ នាយកដ្ឋានកណ្តាលសន្តិសុខ ក៏បានបន្ថែមទៀតថា ការខ្ចីប្រាក់ពីកម្ចីខុសច្បាប់ នឹងនាំឱ្យជួបបញ្ហាប្រឈមដូចជា៖ ធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក (នឹងមានការណែនាំឲ្យខ្ចីបំណុលថ្មី ដើម្បីយកទៅដោះបំណុលមុន និងការខ្ចីថ្មីជាបន្តបន្ទាប់), ការប្រាក់ កម្រៃសេវាខ្ពស់ហួសខ្លាំងពីច្បាប់កំណត់, ការពិន័យឲ្យបង់ប្រាក់មិនសមហេតុផល, ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឱ្យសងប្រាក់ និងការរឹបអូសនានាដោយគ្មានការអនុវត្តនីតិវិធីតុលាការ។
ហេតុនេះ ដើម្បីជាវិធានការបង្ការ នាយកដ្ឋានកណ្ដាលសន្តិសុខ សូមលើកទឹកចិត្តដូចជា៖ ការធ្វើកម្ចី គួរតែធ្វើជាមួយគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាត,ដាច់ខាតមិនត្រូវធ្វើទំនាក់ទំនងជាមួយក្រុមផ្ដល់ប្រាក់កម្ចីដែលមានចរិតលក្ខណៈដូចរៀបរាប់ខាងលើ ,មិនត្រូវផ្ដល់ព័ត៌មានផ្តាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើម របស់អ្នក ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ទៅឱ្យអ្នកដទៃដែលមិនស្គាល់ច្បាប់លាស់នោះឡើយ, ក្នុងករណីពួកគេចូលទីតាំងរបស់អ្នក ត្រូវឆ្លើយបដិសេធការខ្ចីប្រាក់ ស្នើសុំឲ្យចាកចេញ និងត្រូវហៅរកបងប្អូន ឬអ្នកជិតខាងឱ្យមកក្បែជាមួយ, និងប្រសិនបើនៅតែមានការជំរុញតឿនឱ្យខ្ចីប្រាក់ ត្រូវសួរនាំអំពីឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ឈ្មោះម្ចាស់ក្រុមហ៊ុន អាសយដ្ឋានទីតាំង លិខិតអនុញ្ញាតអាជីវកម្ម និងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន។
អាស្រ័យដូចបានជម្រាប់ជូនខាងលើ ប្រសិនបើអ្នករងគ្រោះដោយករណីកម្ចីខុសច្បាប់ នាយកដ្ឋានកណ្តាលសន្តិសុខ សូមឱ្យទំនាក់ទំនងលេខទូរស័ព្ទ 023 72 68 22 (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department) រៀងរាល់ម៉ោងធ្វើការ (07:30 – 11:30 និង 14:30 – 17:30)៕
អត្ថបទ៖ពិសី