បច្ចុប្បន្ន ស្ថានការណ៍នយោបាយនៅប្រទេសថៃ កំពុងស្ថិតនៅក្នុងសភាពស្រពិចស្រពិល ខណៈការសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងធ្វើឡើងនាសប្ដាហ៍ក្រោយ ពោលគឺថ្ងៃទី ១៣ ខែកក្កដា។
បើទោះជាស្ថានភាពនយោបាយក្នុងប្រទេសមិនទាន់មានស្ថិរភាព ប៉ុន្តែវាមិនបានប៉ះពាល់ដល់ការធ្វើជំនួញរបស់អ្នកធុរកិច្ចខ្នាតយក្សប្រចាំប្រទេសឡើយ ពោលទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីថៃមានការកើនឡើងរហូតដល់ ១៥% ប្រមាណ ១៧៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ក្នុងនោះបងប្អូនត្រកូល Chearavanont នៃក្រុមហ៊ុន Charoen Pokphand នៅតែឈរនៅកំពូលតារាង ជាមួយទំហំទ្រព្យសម្បត្តិ ៣៤ពាន់លានដុល្លារ បន្ទាប់ពីកើបលុយបានច្រើនបំផុតប្រមាណ ៧,៥ពាន់លានដុល្លារ។
ដោយឡែក លោក Chalerm Yoovidhya បន្តនៅលេខរៀងទី ០២ ជាមួយទ្រព្យសម្បត្តិ ៣៣,៤ពាន់លានដុល្លារ ក្រោយក្រុមហ៊ុន Red Bull របស់លោក ទើបនឹងបំបែកកំណត់ត្រាថ្មី លក់ភេសជ្ជៈប៉ូវកម្លាំងបានរហូតដល់ ១១,៦លានកំប៉ុងទូទាំងពិភពលោក ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនបានប្រហែល ៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ។
រីឯបុគ្គលទី ៣ ដែលជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសថៃគឺលោក Charoen Sirivadhanabhakdi ដែលជាម្ចាស់ក្រុមហ៊ុន Thai Beverage កើនលុយប្រមាណ ២,៤ពាន់លានដុល្លារ ហើយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ១៣,៦ពាន់លានដុល្លារ៕