កម្ពុជា នឹងមានសួនកសិ-ឧស្សាហកម្ម ដែលជួយបង្កើតការងារជូនពលរដ្ឋរហូត១០ម៉ឺនកន្លែង នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា នឹងមានសួនកសិ-ឧស្សាហកម្ម ដែលជួយបង្កើតការងារជូនពលរដ្ឋរហូតដល់ ១០ម៉ឺនកន្លែង នាពេលខាងមុខ ខណៈបច្ចុប្បន្នកម្ពុជា និងអូស្រ្តាលី កំពុងពន្លឿនកិច្ចការងារលើគម្រោងនេះ។ នេះបើតាមការឱ្យដឹងពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ​ការជំរុញឱ្យមានការបង្កើតសួនកសិ-ឧស្សាហកម្ម​នៅកម្ពុជាឱ្យបានឆាប់នេះ គឺ​ដើម្បីជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា​ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ដោយស្ថានទូតអូស្រ្តាលី បានបញ្ជាក់ដូច្នេះថា៖«ប្រទេសអូស្ត្រាលីកំពុងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម ដែលសួនកសិ-ឧស្សាហកម្មនេះ នឹងជួយបង្កើននូវតម្លៃបន្ថែមលើផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា។ សួននេះផងដែរ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកចំនួន ៥,១ ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០ កន្លែង ដែលជាងពាក់កណ្តាលការងារទាំងនេះនឹងជារបស់ស្ត្រី»។

ជាមួយគ្នានេះ ស្ថានទូតអូស្រ្តាលី ក៏បានលើកឡើងបន្ថែមទៀតថា សួនកសិ-ឧស្សាហកម្ម នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការកែច្នៃ ការស្រាវជ្រាវ និងការអភិវឌ្ឍកសិផល ការកសាងសមត្ថភាព ហើយកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវកន្លែងធ្វើការ និងបរិស្ថានប្រកបដោយបរិយាបន្ន សុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី និងបុគ្គលិកដែលមានភាពខ្វះខាត។

សូមរម្លឹកដែរថា កាលពីខែមេសា កន្លងមកនេះ កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំដំណើរទស្សនកិច្ចសម្រាប់សមាជិកគណៈកម្មាការសួនកសិ-ឧស្សាហកម្ម (AIP) របស់កម្ពុជា ទៅកាន់ទីក្រុងម៊ែលប៊ន និងទីក្រុងភើត ដើម្បីពិនិត្យមើលសួនកសិ-ឧស្សាហកម្មនានារបស់អូស្ត្រាលី និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីសួនកសិ-ឧស្សាហកម្ម រួមទាំងការកែច្នៃចំណីអាហារ ការបង្កើនបរិយាកាសធុរកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី។

ជុំវិញរឿងនេះ បើតាមលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះ សភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តាមរយៈអង្គការកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី( CA​VAC) ជំរុញការ​បង្កើតសួនកសិ-ឧស្សាហកម្ម​នៅកម្ពុជាឱ្យបានឆាប់ជាច្រើន គោលដៅដែលអាចធ្វើទៅបាន។លោក ឧកញ៉ាបានបន្តថា គោលដៅដែលអាចនឹងជ្រើសរើសបង្កើត​សួនកសិ-ឧស្សាហកម្មនាពេល​​នេះ គឺនៅប៉ូលសេដ្ឋកិច្ចពិសេសទី ៤របស់កម្ពុជា គឺស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា៕

អត្ថបទ៖ ពិសី