ចិនព្រមានអាមេរិកធ្ងន់ៗ មុនការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក

អន្តរជាតិ

ទីប្រឹក្សាគោលនយោបាយពាណិជ្ជកម្មចិនដ៏មានឥទ្ធិពលមួយរូប បានចេញមុខនិយាយកាលពីថ្ងៃពុធ ទី ៥ ខែកក្កដា កន្លងទៅថា ការដាក់កំហិតក្នុងការនាំចេញរបស់ចិន ទៅលើលោហធាតុ ដែលជាវត្ថុធាតុដើម ក្នុងការផលិតបន្ទះឈីប គឺគ្រាន់តែការចាប់ផ្តើមប៉ុណ្ណោះ ខណ:ការអះអាងបែបនេះ គឺបានកើតឡើងមុនពេលរដ្ឋមន្ត្រីរតនាគាររបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen ទំនងនឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគហ៊ុននៅក្នុងក្រុមហ៊ុនលោហធាតុរបស់ចិនមួយចំនួន បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ក្រុមហ៊ុនអ្នកវិនិយោគមើលឃើញថាតម្លៃដ៏ខ្ពស់នៃលោហធាតុ ហ្គាលីម (Gallium) និងហ្រ្គេនញ៉ូម (Germanium) ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងដាក់កំហិតក្នុងការនាំចេញនោះ កំពុងអាចបង្កើនប្រាក់ចំណូលបានយ៉ាងច្រើនសម្បើម។

គួរឱ្យដឹងថា សេចក្តីប្រកាសភ្លាមៗរបស់ចិន ចំពោះការគ្រប់គ្រងក្នុងការនាំចេញផលិតផល​លោហធាតុ​សំខាន់ៗរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរថយន្តអគ្គិសនី និងខ្សែកាបអុកទិក នេះ ហាក់កំពុងធ្វើឱ្យបណ្តាក្រុមហ៊ុនជាច្រើន កំពុងកើតក្តីព្រួយបារម្ភ ចំពោះកង្វះខាតការផ្គត់ផ្គង់ និងការឡើងថ្លៃខ្លាំង ។

មិនតែប៉ុណ្ណោះ ជុំវិញការប្រកាសបែបនេះ ហាក់កំពុងធ្វើឱ្យភាពរកាំរកូសរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កាន់តែកើនឡើងបន្ថែមទៀត ខណ:ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្វើការប្រកួតប្រជែងគ្នាលើវិស័យបច្ចេកវិទ្យាអស់រយ:ពេលជាយូរមកហើយ ជាពិសេសនៅមុនដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ទីក្រុងប៉េកាំង ដែលអាចកើតឡើងក្នុងពេលដ៏ខ្លីខាងមុខ ។

ទ​ន្ទឹមនឹងនេះ អតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wei Jianguo បានប្រាប់អ្នកកាសែត China Daily ថា បណ្តាប្រទេសនានាអាចនឹងជួបផលវិបាកបន្ថែមទៀត ប្រសិនបើពួកគេបន្តដាក់សម្ពាធទៅលើប្រទេសចិន ខណ:លោកថែមទាំងបានសង្កត់ធ្ងន់ទៀតថា ការដាក់កំហិតលើការនាំចេញនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។

ជម្រាបជូនផងដែរថា នេះជាវិធានការក្តៅទី ២ ហើយ របស់ប្រទេសចិន គិតរហូតមកដល់ពេលនេះ បន្ទាប់ពីខ្លួនបានធ្វើការហាមឃាត់ឧស្សាហកម្មក្នុងស្រុកសំខាន់ៗមួយចំនួន អំពីការទិញយកផលិតផលពីក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំខ្នាតយក្សរបស់អាមេរិក Micron កាលពីក្នុងខែឧសភា កន្លងទៅ ៕