ម៉ាឡេស៊ី ទទួលបានការវិនិយោគពីបរទេសជិត ៥០ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំនេះ

អន្តរជាតិ

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ី (MITI) បាននិយាយថា លទ្ធផលពាណិជ្ជកម្មប្រទេសរបស់ខ្លួន នៅតែបន្តមានភាពប្រសើឡើង ដោយសារតែទទួលបានការជំរុញខ្លាំង ពីការវិនិយោគផ្សេងៗគ្នា រួមទាំងការវិនិយោគផ្ទាល់ក្នុងស្រុក (DDI) និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំបណ្តាញអូស្រ្តាលី ឆ្នាំ ២០២៣ កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រី MITI លោក Zafrul Abdul Aziz បាននិយាយថា បច្ចុប្បន្នម៉ាឡេស៊ី ទទួលបានអត្ថប្រយោជន៍ជាច្រើន ពោលគឺមិនត្រឹមតែពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ប៉ុណ្ណោះទេ ស្របពេលកិច្ចព្រមព្រៀងធំៗពីរទៀត រួមមាន កិច្ចព្រមព្រៀងពហុភាគី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរ ។

គួរឱ្យដឹងថា ម៉ាឡេស៊ី មានកិច្ចព្រមព្រៀង FTA សរុបចំនួន ១៨ ដែលត្រូវបានចុះហត្ថលេខាគិតរហូតមកដល់ពេលនេះ ដែលវាបានបង្ហាញថាពាណិជ្ជកម្ម នៅតែបន្តមានការកើនឡើង ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ក៏បានជួយដល់អ្នកនាំចេញក្នុងស្រុក ចូលទៅកាន់ទីផ្សារអន្តរជាតិ ថែមទៀតផង។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី Zafrul Abdul Aziz បានកត់សម្គាល់ឃើញថា គិតនៅត្រឹមឆមាសទី១ ឆ្នាំ ២០២៣ នេះ ម៉ាឡេស៊ី ទទួលបានការវិនិយោគពីប្រទេសចំនួន ៤ ដែលមានតម្លៃប្រមាណ ២៣០ពាន់លានរីងហ្គីត ឬស្មើនឹង ៤៩ពាន់លានដុល្លារ ។

ហើយចំពោះប្រទេសទាំង ៤ ដែលមកធ្វើការវិនិយោគនោះមានដូចជា សិង្ហបុរី (១៣ពាន់លានរីងហ្គីត) , សាធារណរដ្ឋកូរ៉េ (២៤ពាន់លានរីងហ្គីត) , ចិន (១៧០ពាន់លានរីងហ្គីត) និងជប៉ុន (២៣ពាន់លានរីងហ្គីត) ។

ជាងនេះទៅទៀត លោក Zafrul បានបញ្ជាក់ថា លទ្ធផលល្អបែបនេះ គឺជាសក្ខីភាពមួយចំពោះទំនុកចិត្ត ដែលវិនិយោគិនបរទេសមាននៅក្នុងប្រទេសម៉ាឡេស៊ី ស្របពេលអ្នកបង្កើតគោលនយោបាយ បានដោះសោឱកាសជាច្រើនសម្រាប់សាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងស្រុក នៅទូទាំងវិស័យផ្សេងៗ៕