រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយៈពេល ៤ថ្ងៃ ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែកក្កដា ដោយបានឡើងយន្តហោះមុននេះបន្តិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គោលបំណងនៃការធ្វើទស្សនកិច្ចមួយនេះគឺ ដើម្បីរឹតចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២ លើលោក ខណៈភាគីទាំងសងខាងសុទ្ធតែមានក្ដីរំពឹងទាបបំផុត ដោយសារទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងស្ថិតក្នុងភាពមិនល្អប្រសើរឡើយ។
គួររំលឹកដែរថា លោកស្រី Yellen នឹងសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង លើការប្រែប្រួលអាកាសធាតុ ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងបញ្ហាបំណុលសកល។
បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិករូបនេះ ថែមទាំងសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន នឹងមិនព្យាយាមកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង ២ឡើយ ពោលនឹងបន្តព្យាយាមការពារសិទ្ធមនុស្ស និងស្វែងរកផលប្រយោជន៍ជូនប្រទេសទាំង ២ តាមរយៈគោលដៅដែលបានកំណត់រួច៕