រាជរដ្ឋាភិបាល សម្រេចទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញចំនួន ៤០រូប និងទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មជាផ្លូវការ សម្រាប់អាណត្តិទី៤ លើកទី២។
បើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញចំនួន ៤០រូបនោះ ត្រូវបានបែងចែកតាមប្រភេទអាជីវកម្ម ដូចជាពាណិជ្ជកម្ម ឧស្សាហកម្ម និងសិប្បកម្ម សេវាកម្ម និងវិជ្ជាជីវៈសេរី និងកសិកម្ម។
សូមជម្រាបថា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតែម្នាក់គត់ គឺអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
គួររម្លឹកថា សភាពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី សភាពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៥ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនានា។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕
សម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មជាផ្លូវការ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព